ក្រុមកំពុងតែឡើងទម្រង់លេង Manchester City នឹងត្រូវធ្វើដំណើរទៅជួបក្រុម Arsenal ម្តងទៀតក្នុងចន្លោះត្រឹមតែ ៥ថ្ងៃ នារាត្រីនេះ ខណៈដែលក្រុមកំពុងតែនាំមុខលើតារាក្របបខ័ណ្ឌ Premier League នឹងសម្លឹងរកការផ្តល់មេរៀន យ៉ាងជូរចត់មួយផ្សេងទៀតដល់ក្រុមរបស់លោក Arsene Wenger។
ប៉ុន្តែ ក្រុមកាំភ្លើងធំ ក៏កំពុងតែស្រេកឃ្លានក្នុងការស្តារមុខមាត់ត្រឡប់មកវិញដែរ ក្រោយពីបានជួបការខកចិត្តក្នុងពេលចាញ់ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតដណ្តើមពាន League Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។ ការទទួលជ័យជម្នះរបស់ក្រុម Man City កាលពីថ្ងៃអាទិត្យ បានផ្តល់ពានដំបូងគេក្រោមការដឹកនាំរបស់លោក Pep Guardiola និងបានបង្ហាញថា ក្រុមទាំង២ កំពុងតែស្ថិតនៅលើផ្លូវផ្ទុយគ្នាស្រឡះ។

ក្រុមរបស់លោក Guardiola កំពុងតែជឿជាក់ជាមួយនឹងការនាំមុខ ១៣ពិន្ទុដាច់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League និងកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ក្រោយពីដណ្តើមបានជ័យជម្នះ ៤-០ នៅលើទឹកដីក្រុម Basel ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ។

ផ្ទុយទៅវិញ ក្រុម Arsenal ត្រូវប្រឈមមុខនឹងការប្រជែងដ៏ធំមួយ ដើម្បីឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ ជាមួយនឹងការស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ នៅលើតារាងលីក ពួកគេដេញតាមពីក្រោយក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយ Tottenham Hotspur ដែលឈរលេខ៤ រហូតដល់ទៅ១០ពិន្ទុ។ ជាមួយគ្នានេះ ការប្រជែងយកកៅអីមួយក្នុង Champions League តាមរយៈការឈ្នះពាន Europa League ហាក់ស្ថិតក្នុងភាពមិនច្បាស់នៅឡើយ ក្រោយពីក្រុម Arsenal ត្រូវបានចាប់ឆ្នោតឲ្យប៉ះក្រុមយក្សរបស់អ៊ីតាលីគឺ AC Milan ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕