មុន​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​៣​ខែ​មីនា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​បាន​ប្រកាស​ថា​ក្នុង​ចំណោម​ក្លឹប​ទាំង​១២​នៅ​លីគ​កំពូល មាន​៦​ក្លឹប​នឹង​យក​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើ​ជា​ទឹក​ដី​បណ្ដោះអាសន្ន​សិន។

កាល​ពី​ចប់​រដូវ​កាល​មុន​ភ្លាម ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​ថា​ក្លឹប​ទាំង​អស់​ត្រូវ​រក​កន្លែង​ធ្វើ​ជា​ទឹក​ដី​របស់​ខ្លួន ​មិន​ឱ្យ​យក​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើ​ជា​ទឹក​ដី​ទៀត​នោះ​ទេ។ យ៉ាងណាមិញ ​បើ​តាម​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា​ដោយសារ​រដូវ​កាល​នេះ​ក្លឹប​ខ្លះ​នៅ​មិន​ទាន់​រៀបចំ​កីឡដ្ឋាន​របស់​ខ្លួន​រួច ទើប​មាន​ការ​សម្រួល​យក​ពហុ​កីឡដ្ឋាន​ជាតិ​ប្រើ​បណ្ដោះអាសន្នសិន។

ក្លឹប​ទាំង​៦​នោះ​ត្រូវ​បាន​គេ​ដឹង​ថា ​មាន​ប៉ូលិស ​ណាហ្គាវើល បឹងកេត Angkor Tiger Sotilo Angkor ​និង​ក្រសួង​ការពារ​ជាតិ។ ​ដោយ​តាម​គម្រោង​ក្រុម​ប៉ូលិស​ប្រើ​កីឡដ្ឋាន​នៅ​ SCT Sports Complex ​ទឹក​ដី​ 7NG ​ប៉ុន្តែ​ការ​រៀប​ចំ​មិន​ទាន់​រួច​ទើប​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​សិន។ Angkor Tiger ​និង ​Sotilo Angkor ​គ្រោង​ប្រើ​កីឡដ្ឋាន​សៀមរាប​ ក៏​ប៉ុន្តែ​​ជួសជុល​មិន​ទាន់​រួច ​អាច​ដាក់​ដំណើរ​ការ​នៅ​ជើង​ទី​២​នៃ​លីគ​កំពូល​កម្ពុជា។ បឹង​កេត ​ដែល​មាន​ចំណាប់​អារម្មណ៍​ប្រើ​កីឡដ្ឋាន​ខេត្ត​កណ្ដាល ​ក៏​ត្រូវ​ការ​ពេល​ទៀត​ដែរ ​ទើប​អាច​ប្រើប្រាស់​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​បាន។

ចំពោះ​ក្រសួង​ការពារ​ជាតិ​វិញ ​កីឡដ្ឋាន​ស្ដាត​ចាស់​កំពុង​តែ​ជួសជុល ​ដូច្នេះ​ក៏​ត្រូវ​ការ​ពេល​ដែរ​ទើប​អាច​បើក​ដំណើរ​ការ​បាន​។ ដោយ​ឡែក​សម្រាប់​ណាហ្គាវើល​វិញ ​នៅ​មិន​ទាន់​មាន​ដំណឹង​ថា​យក​កន្លែង​ណា​ធ្វើ​ទឹក​ដី​នៅ​ឡើយ​ទេ ប៉ុន្តែ​សម្រាប់​ជើង​ទី​២​នៃ​លីគ​កំពូល​កម្ពុជា ​ឃើញ​ថា​កាល​វិភាគ​បាន​ដាក់​កីឡដ្ឋាន​របស់​អាស៊ី​អឺរ៉ុប​ធ្វើ​ជា​ទឹក​ដី​របស់​ពួកគេ៕
Via :news.sabay