អ្នកចាំទី Keylor Navas របស់ក្រុម Real Madrid បានប្រាប់ដល់មិត្តរួមក្រុមរបស់គេ Cristiano Ronaldo ថា រូបគេចង់ចាកចេញពីក្លឹបស្តេចស ដើម្បីសម្រេចក្តីស្រមៃផ្ទេរទៅក្លឹបហង្សក្រហម Liverpool ក្រោយចប់រដូវកាលនេះ។

បើតាមសារព័ត៌មានអេស្ប៉ាញ Diario Gol បានឲ្យដឹងថា Navas ចង់ទៅកីឡដ្ឋាន Anfield ជួយ Liverpool ដែលកំពុងមានបញ្ហាអ្នកចាំទី ហើយរូបគេសង្ឃឹមថាអាចប្រជែងឈ្នះ Simon Mignolet និង Loris Larius ដើម្បីបានដៃទី១។ យ៉ាងណាមិញ ប្រធានក្លឹប Real Madrid លោក Florentino Perez ក៏មានបំណងចង់បានអ្នកចាំទីថ្មីផងដែរ ដោយលោកកំពុងសម្លឹងឃើញអ្នកចាំទី Thibaut Courtois ឬ David De Gea នៅរដូវកាលក្រោយ។


សេចក្តីរាយការណ៍ដដែលបន្ថែមទៀតថា Navas ហាក់ចង់ផ្ទេរទៅ Liverpool ខ្លាំងមែនទែន រហូតដល់ប្រាប់មិត្តរួមក្រុម Real Madrid របស់គេគឺ Ronaldo ថាខ្លួនចង់ផ្ទេរទៅកីឡដ្ឋាន Anfield ក្រោយចប់រដូវកាលនេះ។

កីឡាករជម្រើសជាតិកូស្តារីកា Navas ដែលបច្ចុប្បន្នមានវ័យ៣១ឆ្នាំ បានមកចូលរួមជាមួយ Real Madrid កាលឆ្នាំ២០១៤ និងបានបង្ហាញខ្លួនឲ្យក្រុមស្តេចស សរុប៨៥ប្រកួត និងធ្លាប់ឈ្នះពាន La Liga ១ដង, Spanish Super Cup ១ដង, UEFA Super Cup ១ដង, UEFA Champions League ២ដង និង FIFA Club World Cup ចំនួន៣ដង ជាមួយក្រុម Real Madrid៕
Via :.sportrefresh