ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្រុម Atletico Madrid នឹងត្រូវធ្វើដំណើរទៅជួបក្រុម Barcelona នៅថ្ងៃអាទិត្យនេះ ដោយសម្លឹងរកការរារាំងការប្រជែងដណ្តើមពានរបស់ក្លិបមួយដែលរូបគេអាចនឹងចូលរួមនៅរដូវក្តៅខាងមុខនេះ។

Barca កាលពីថ្ងៃមុន បានបង្ខំចិត្តចេញការបដិសេធថា ពួកគេបានឈានដល់ការព្រមព្រៀងគ្នាមួយដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ ខណៈដែលការបង្ហាញពីទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ Griezmann ចាប់តាំងពីដើមឆ្នាំថ្មី បច្ចុប្បន្នកំពុងតែផ្តល់នូវការគំរាមដល់ពួកគេក្នុងការប្រជែងដណ្តើមពានក្របខ័ណ្ឌ La Liga ជាលើកទី២៥។ កាលពីខែមករា ក្លិប Barcelona និង Atletico បានដេញតាមពីក្រោយគ្នារហូតដល់ទៅ ១១ពិន្ទុ នៅលើកំពូលតារាង ប៉ុន្តែ ការដណ្តើមបានជ័យជម្នះនៅចុងសប្តាហ៍នេះ នឹងធ្វើឲ្យក្រុមរបស់លោក Diego Simeone កាត់បន្ថយពិន្ទុដេញតាមពីក្រោយមកនៅត្រឹម២ពិន្ទុ។

ការភ្នាត់ស្នៀតរបស់ក្រុម Barca តាមរយៈការបញ្ចប់ត្រឹមលទ្ធផលស្មើនៅលើទឹកដីក្រុម Las Palmas កាលពីថ្ងៃព្រហស្បតិ៍ ពោលគឺក្នុងរយៈពេល១ថ្ងៃ ក្រោយពីក្រុម Atletico ដណ្តើមបានជ័យជម្នះជាលើកទី៨ជាប់ៗគ្នារបស់ពួកគេតាមរយៈការផ្តួលក្រុម Leganes មានន័យថា ភាពស្រពេចស្រពិលកំពុងតែកើតឡើងចំពោះក្រុមយក្សអេស្ប៉ាញ ដែលកំពុងតែនាំមុខលើតារាងមួយនេះ។ ប៉ុន្តែ ស្របពេលដែល Griezmann ក្លាយជាជំនួយដ៏សំខាន់ពីក្រោយការឡើងទម្រង់លេងនេះ តាមរយៈការស៊ុតបាល់បញ្ចូលទី១២គ្រាប់ក្នុងការប្រកួត៩លើក ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ នឹងក្លាយជាសមាជិកដ៏សំខាន់ម្តងទៀត ប្រសិនបើក្រុម Atletico ចង់ធ្វើឲ្យក្រុម Barcelona រងបរាជ័យជាលើកទី១នៅរដូវកាលនេះ។

Griezmann មិនធ្លាប់បានរកគ្រាប់បាល់បញ្ចូលទីនៅលើទឹកដីនៃកីឡដ្ឋាន Camp Nou ឡើយ ក្នុងចំណោមការប្រកួត៩លើកចុងក្រោយរបស់គេ ប៉ុន្តែ ការស៊ុតបាល់បញ្ចូលទី៣គ្រាប់ចំនួន២ប្រកួតជាប់ៗគ្នា នៅពេលដែលប្រកួតជាមួយនឹងក្រុម Sevilla និង Leganes នៅសប្តាហ៍នេះ នឹងក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងពិតប្រាកដសម្រាប់ Barcelona។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១០:១៥យប់៕

ប្រភព៖ Worldsoccertalk