Manchester City បានផ្តល់ភាពវេទនាបន្ថែមទៀតដល់អ្នកចាត់ការទូទៅនៃក្រុម Arsenal គឺលោក Arsene Wenge តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុមកាំភ្លើងមួយនេះ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនការនាំមុខរហូតដល់ទៅ ១៦ពិន្ទុ នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។

រយៈពេល ៤ថ្ងៃ ក្រោយពីបានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ ខណៈដែលក្រុម Man City បានឈ្នះពានជាលើកទី១ របស់ពួកគេក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងពាន League Cup វគ្គផ្តាច់ព្រ័ត្រ ក្រុម Arsenal បានដុនដាបបន្ថែមទៀត ខណៈដែលក្រុមភ្ញៀវបានស៊ុតបាល់បញ្ចូលទីដល់ទៅ ៣គ្រាប់ក្នុងរយៈពេល ៣៣នាទីដំបូង ពីមុខអ្នកគាំទ្រដ៏ច្រើនកុះករនាកីឡដ្ឋាន Emirates។

ខ្សែបម្រើ Bernardo Silva, David Silva និង Leroy Sane សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទី ដើម្បីផ្តល់ការបរាជ័យជាលើកទី៣ជាប់ៗគ្នាសម្រាប់ក្រុម Arsenal និងធ្វើឲ្យពួកគេដេញតាមពីក្រោយក្រុមឈរលេខ៤នៅលើតារាង Premier League រហូតដល់ទៅ១០ពិន្ទុ ក្នុងចំណាត់ថ្នាក់លេខ៦។ រាត្រីដ៏ខកចិត្តសម្រាប់ក្រុម Arsenal ត្រូវបានបំពេញ នៅពេលដែលខ្សែប្រយុទ្ធមានតម្លៃខ្លួន៥៦លានផោន (ស្មើនឹង៧៩លានដុល្លារអាមេរិក) Pierre-Emerick Aubameyang បានស៊ុតបាល់ប៉េណាល់ទីមិនចូលទី ក្រោមការសង្គ្រោះរបស់ Ederson៕

ប្រភព៖ Channel News Asia