ក្លិប Beijing Guoan បានបំពេញការផ្ទេរក្នុងខ្លួនដ៏មិនគួរឲ្យជឿ ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Cedric Bakambu ពីក្លិប Villarreal ក្នុងតម្លៃខ្លួន ៩០លានដុល្លារអាមេរិក។

ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ ដែលក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ទ្វីបអាហ្វ្រិកនោះ បានចុះហត្ថលេខារយៈពេល ៤ឆ្នាំជាមួយនឹងក្លិប Guoan របស់ក្របខ័ណ្ឌចិន Super League និងបានបង្ហាញខ្លួនក្នុងនាមជាកីឡាកររបស់ក្លិប Guoan ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ។ តម្លៃខ្លួនរបស់ Bakambu បានបំបែកកំណត់ត្រាលើតម្លៃខ្លួនដែលក្លិប Arsenal បានចំណាយដើម្បីទិញខ្សែប្រយុទ្ធអន្តរជាតិហ្គាបុង Pierre-Emerick Aubameyang កាលពីខែមករា ក្រោយពីក្លិបរបស់ក្របខ័ណ្ឌ Premier League មួយនេះ បានចំណាយប្រាក់ ៧៩លានដុល្លារអាមេរិក ដើម្បីនាំយករូបគេពីក្លិប Dortmund។

ខ្សែប្រយុទ្ធរូបនេះ សង្ឃឹមថា នឹងបន្ថែមភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធនៃក្រុមរបស់លោក Roger Schmidt ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩នៅលើតារាងក្របខ័ណ្ឌ Chinese Super League កាលពីរដូវកាលមុន។ នៅមុនពេលប្រកាសពីការចុះហត្ថលេខារបស់គេ Bakambu បានចាប់ផ្តើមធ្វើការហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមថ្មីរបស់គេក្នុងប្រទសេព័រទុយហ្គាល់ ខណៈដែលក្លិប Beijing Guoan បានបង្ហោះរូបថតរបស់គេក្នុងពេលហ្វឹកហាត់។ រូបគេបានចូលរួមជាមួយនឹងក្លិប Villarreal កាលពីឆ្នាំ២០១៥ ពីក្លិបរបស់តួកគី Bursaspor ខណៈដែលរូបគេបានស៊ុតបាល់បញ្ចូលទី២១គ្រាប់ ក្នុងរដូវកាលតែ១របស់គេជាមួយនឹងក្លិបយក្សអេស្ប៉ាញមួយនេះ៕

ប្រភព៖ Goal