​បាល់ទាត់៖ ​ក្តី​សង្ឃឹម​បង្ហាញខ្លួន​នៅ World Cup អោយ​ក្រុម​ជម្រើស​ជាតិ​ប្រេ​ស៊ី​ល​របស់ Neymar អាច​នឹង​ត្រូវ​រលាយសាបសូន្យ ខណៈ​ដែល​របួស​ត្រូវ​សម្រាក​ដល់​ទៅ 3ខែ​។

​​កីឡាករ​វ័យ 26ឆ្នាំដែល​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​រូប​នេះ នឹង​ត្រូវ​វះកាត់​របួស កជើង​របស់​ខ្លួន​សប្ដាហ៍​នេះ ហើយ​ត្រូវ​សម្រាក​ដល់​ទៅ 3ខែ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​គ្រូពេទ្យ​ប្រេ​ស៊ី​ល Rodrigo Lasmar​។ ​របួស​នេះ​នឹងធ្វើ​អោយ Neymar អវត្តមាន​ពី​ការប្រកួត​មិត្តភាព​ក្នុង​ខែ​នេះ ​ដែល​ប្រេ​ស៊ី​ល​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុមម្ចាស់ផ្ទះ World Cup 2018 រុស្ស៊ី និងក្រុម​ការពារ​ជើងឯក​អាល្លឺម៉ង់​។ ​យ៉ាងណាក៏ដោយ​គ្រូពេទ្យ​ដដែល​បាន​អោយ​ដឹង​ទៀត​ថា អ្វីៗ​ត្រូវ​រង់ចាំ​មើល​អាការៈ​របស់ Neymar ក្រោយ​ការវះកាត់​សិន​។ បញ្ហា​នោះ​គឺថា​ តើ​ខ្សែប្រយុទ្ធ PSG រូប​នេះមាន​កាយ​សម្បទា​រឹងមាំ​កំរិត​ក្រោយ 3ខែ​នេះ ហើយ​គេ​នឹង​អាចបង្ហាញខ្លួន​អោយ​ក្រុម​ប្រេ​ស៊ី​ល​នៅ World Cup រឺ​យ៉ាងណា​ត្រូវ​រង់ចាំ​តាមដាន​សិន​។

​​ជើងឯក​ពិភពលោក​ប្រាំ​សម័យ​ប្រេ​ស៊ី​ល​នឹង​ត្រូវ​លេង​ប្រកួត​ដំបូង​នៅ World Cup ដោយ​ជួប​ជាមួយ​ស្វ៊ី​ស​នៅ​ថ្ងៃ​ទី17 ខែ​មិថុនា វគ្គ​វិល​ជុំ​ក្នុង​ពូ​ល​ មុន​ពេល​ជួប​ជាមួយ​កូ​ស្តា​រី​កា និង​ស៊ែ​ប​។ ​កីឡាករ​វ័យ 26ឆ្នាំ​រូប​នេះ​បាន​ប៉ះទង្គិច​ជាមួយ​ខ្សែបម្រើ Marseille កីឡាករ Bouna Sarr នៅ​នាទី​៧៦ ពេល​ព្យាយាម​ដណ្ដើមតែ​អស់​ជំហរ​ក៏​គ្រេច​ក៏​ជើង​ខ្លួនឯង​។ ក្រោយ​គ្រូពេទ្យ​ពិនិត្យ​ហើយ​ក៏​សែង​ចេញ​ ព្រោះ​អាការៈ​ធ្ងន់​មិន​អាច​លេង​បាន​ទៀត ស្រប​ពេល​ដែល PSG ត្រូវ​លេង​គ្នា​តែ 10នាក់​ដោយ​សារ​ដូរ​កីឡាករ​អស់​បី​នាក់​ទៅ​ហើយ​៕