លោក Antonio Conte អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea បាន​ទទួល​ស្គាល់​ថា ក្រុម​របស់​លោក​ពិត​ជា​គ្មាន​ភាព​ខ្លាំង​ឡើយ​នៅពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម​ខ្លាំង Manchester City ដែល​បាន​បន្ថែម​ការ​នាំ​មុខ​របស់​ពួក​គេ​ដល់​ទោ​១៨​ពិន្ទុ​ជា​បណ្តោះ​​អាសន្ន​នៅ​លើ​តារាងក្រប​ខ័ណ្ឌ Premier League ក្រោយពី​ទទួល​បាន​ជ័យជម្នះ ១-០ កាល​ពី​ថ្ងៃ​សៅរ៍​។

ខ្សែ​ប​ម្រើ​ដ៏​មាន​ឥទ្ធិ​ពល Bernardo Silva បាន​ស៊ុត​បាល់​​បញ្ចូល​ទី​តែ​​១​គ្រាប់​ក្នុង​ការប្រកួត​នោះ ក្រោយពី​ចូល​លេង​បាន​ត្រឹម​តែ​៣៥​វិនាទី​ក្នុង​តង់​ទី​១ នា​កីឡដ្ឋាន Etihad នៅ​ពេល​ដែល​រូប​គេ​បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី បន្ទាប់​ពី​ការ​បញ្ជូន​បាល់​ដ៏ល្អ​របស់ David Silva​​។

ការ​រង​បរា​ជ័យ​ជាលើក​ទី​៤​របស់​ក្រុម Chelsea ក្នុង​ចំណោម​ការ​ប្រកួតក្រប​ខ័ណ្ឌ​លីក​៥​លើក​ចុង​​ក្រោយ​របស់​ពួក​​គេ​បាន​​​ធ្វើ​ឲ្យក្រុម​ម្ចាស់​ជើង​ឯក​របស់​លោក Conte ដេញ​តាមពី​ក្រោយ​ក្រុម​ស្ថិតក្នុង​​ចំណាត់​ថ្នាក់​លេខ​៤​ដល់​ទៅ​៥​ពិន្ទុ​។ ការ​រៀប​ចំ​ក្រុម​​របស់​លោក​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូបនេះ ក៏​ស្ថិត​ក្នុង​ការ​រិះ​គន់​ផងដែរ ក្រោយពី​ក្រុម​របស់​លោក​​មិន​អាច​ស៊ុត​បាល់​សំ​ដៅ​​ទី​ឲ្យ​បាន​សូម្បី​តែ​១​លើក​ បន្ទាប់​ពី​លោក​បាន​​ជ្រើស​រើស​​ដាក់​ខ្សែ​ប្រយុទ្ធ Alvaro Morata និង Olivier Giroud ឲ្យ​លេង​ជាកីឡាករ​បម្រុង​។

លោក Conte បាន​ឲ្យ​ដឹង​ថា៖ «នៅ​ថ្ងៃ​នេះ ពួក​គេ​បាន​បង្ហាញ​ពី​ភាព​ផ្សេង​គ្នា​រវាង​ពួក​គេ និង​យើងនៅពេល​នេះ​។ ការ​នាំមុខ​២៥​ពិន្ទុ​គឺ​ជា​គម្លាត​ដ៏​ឆ្ងាយ​មួយ ហើយ​ខ្ញុំ​​គិត​ថា យើង​អាច​នឹង​មាន​ការ​សោក​ស្តាយ​​សម្រាប់​ការ​ប្រកួត​ផ្សេង ប៉ុន្តែ មិនមែន​ជា​ការ​ប្រកួតនេះ​​ឡើយ​»​​​៕