លោក Arsene Wenger បាន​ទទួល​ស្គាល់​ថា ការ​ប្រជែង​យក​ចំណាត់​ថ្នាក់​​លេខ៤​នៅលើ​កំពូល​តារាង សម្រាប់​ក្រុម Arsenal នៅពេលនេះ ស្ទើរ​តែ​មិន​អាច​ទៅ​រួច​ឡើយ ក្រោយពីក្រុម​​កាំ​ភ្លើង​ធំ​មួយ​នេះ លិច​លុង​កាន់​តែ​ជ្រៅ បន្ទាប់​ពី​ចាញ់​ក្នុង​លទ្ធ​ផល ២-១ នៅលើ​ទឹកដីក្រុម Brighton ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាលពី​ថ្ងៃ​​អាទិត្យ​។

ការ​រង​បរា​ជ័យ​ជាលើក​ទី​៤​ជាប់​ៗ​គ្នា​របស់​ពួក​គេ ក្នុង​រាល់​យុទ្ធ​នា​ការ​ទាំង​អស់ បាន​បន្ថែម​កម្តៅ​កាន់​តែ​ខ្លាំង​​ទៅ​លើ​អនា​គត​របស់​លោក Wenger ស្រប​ពេល​​​មាន​ព័ត៌​មាន​ទាក់​ទង​នឹង​ការ​ប្រជុំ​​របស់​កីឡាករ និង​ការ​ធ្លាក់​ចុះ​នូវ​ការ​គាំទ្រ​​ទៅ​លើ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ ដែល​បាន​ចូល​កាន់​តំណែង​ក្នុង​ក្លិប Arsenal ចាប់​តាំង​​ឆ្នាំ​១៩៩៦​។

ការ​រង​បរា​ជ័យ​ជាលើក​ទី​៨​​របស់​ក្រុម Arsenal ​ចាប់​តាំង​ពី​ដើម​​ឆ្នាំ​ថ្មីនេះ បាន​ធ្វើ​ឲ្យ​ពួក​គេ​ដេញ​តាមពីក្រោយ​ក្រុម​​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៤​ដល់​ទៅ​១៣​ពិន្ទុ ខណៈ​ដែល​ចំណាត់ថ្នាក់​​នេះ នឹង​ត្រូវ​ឈ្នះ​កៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​។

នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​អំពី​​ការ​ប្រជែង​យក​ចំណាត់​ថ្នាក់​លេខ​៤ លោក Wenger បាន​ប្រាប់​ទូរ​ទស្សន៍ BBC ថា៖ «វា​ពិត​ជា​លំ​បាក​ណាស់ វា​ស្ទើរ​តែ​មិន​អាច​​ទៅ​រួច​ឡើយ​​នៅពេលនេះ ព្រោះ​យើង​ដេញ​តាមពី​ក្រោយ​ឆ្ងាយ​​ពេក​ហើយ​។ យើង​ត្រូវ​ការ​ឲ្យ​ក្រុម​២​​​ភ្លាត់​ស្នៀត មិន​មែន​​តែ​១​ក្រុម​ឡើយ​។ ប៉ុន្តែ នៅពេល​នេះ យើងមាន​​បារម្ភ​ផ្សេង​គ្នា ទៅ​លើ​​ការ​វិល​ទៅកាន់​ផ្លូវ​នៃ​ជ័យ​ជម្នះ​»​៕