លោក Jose Mourinho បានទទួលស្គាល់ថា ក្រុម Manchester United បានជួបសំណាងរបស់ខ្លួន ខណៈដែលការស៊ុតបាល់ពីចម្ងាយបញ្ចូលទីយ៉ាងល្អរបស់ខ្សែបម្រើ Nemanja Matic បានបំពេញការវាយបកក្នុងលទ្ធផល ៣-២ នៅលើទឹកដីក្រុម Crystal Palace កាលពីថ្ងៃចន្ទ។

ក្រុមរបស់លោក Mourinho បានដេញតាមពីក្រោយគ្រាប់បាល់បើកឆាករបស់ Andros Townsend និងគ្រាប់បាល់ក្នុងតង់ទី២ របស់កីឡាករ Patrick van Aanholt នាកីឡដ្ឋាន Selhurst Park។ ប៉ុន្តែ ខ្សែការពារ Chris Smalling បានវាយបក ១គ្រាប់វិញសម្រាប់ក្រុម Man United ហើយខ្សែប្រយុទ្ធ Romelu Lukaku បានរកគ្រាប់បាល់តាមស្មើវិញនៅរយៈពេល ១៤នាទីចុងក្រោយ។ ក្រោយមក ខ្សែបម្រើអន្តរជាតិស៊ែប៊ី Matic បានរកគ្រាប់បាល់បញ្ចូលទីជាលើកទី១របស់គេ ចាប់តាំងពីផ្ទេរមកពីក្លិប Chelsea ឆ្នាំមុន តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅជិតបញ្ចប់ការប្រកួត។ វាជាការបំពេញនូវការវាយបកមួយដែលហាក់ដូចជាមិនកើតឡើងឡើយ នៅពេលដែល Man United ដេញតាមពីក្រោយ ២-០ ក្រោយពីស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម Crystal Palace ដែលកំពុងតែប្រជែងគេចឲ្យផុតពីតំបន់កាត់ចោល។

ប៉ុន្តែ លោក Mourinho ពិតជាមានការរំភើបទៅលើរបៀបដែលកីឡាកររបស់ខ្លួនធ្វើការវាយបកដើម្បីឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ២លើក្រុម Liverpool វិញនៅលើតារាងក្របខ័ណ្ឌ Premier League និងកាត់បន្ថយពិន្ទុដេញតាមពីក្រោយក្រុម Manchester City មកនៅត្រឹម១៦ពិន្ទុ។ លោក Mourinho បានឲ្យដឹងថា៖ «អ្នកតែងតែត្រូវការសំណាងបន្តិចក្នុងការឈ្នះការប្រកួតមួយនៅរយៈពេលប៉ុន្មាននាទីចុងក្រោយ»៕