ក្រុម Paris Saint-Germain នៅតែមានសុទិដ្ឋិនិយមថា ពួកគេអាចកត់ត្រាជ័យជម្នះដ៏ធំបំផុត បើគិតចាប់តាំងពីមហាសេដ្ឋីរបស់កាតាបានកាន់កាប់ក្លិបនេះ បើទោះបី Neymar អវត្តមានដោយសារតែបញ្ហារបួសក៏ដោយ នៅពេលដែលពួកគេត្រូវប៉ះក្រុម Real Madrid នៅរាត្រីនេះ។

ការភ្នាត់ស្នៀតនៅចុងម៉ោងបានធ្វើឲ្យក្រុម PSG រងបរាជ័យក្នុងលទ្ធផល ៣-១ ក្នុងទីក្រុងម៉ាឌ្រីដ កាលពីខែមុន ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ។ ជាមួយគ្នានេះ PSG នឹងត្រូវវិលទៅកាន់ការប្រកួតជើងទី២នៅរាត្រីនេះ ដោយគ្មាន Neymar ក្រោយពីកីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតរូបនេះកំពុងតែសម្រាកព្យាបាលរបួស ក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីការវះកាត់ប្រអប់ជើង។

បើទោះបីអវត្តមានតារាឆ្នើមរបស់ខ្លួន និងត្រូវស្រោចស្រង់លទ្ធផលដែលកំពុងតែដេញតាមពីក្រោយនៅពេលប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯកកំពូលអឺរ៉ុប២សម័យកាលក៏ដោយ ប៉ុន្តែ PSG មិនបោះបង់ក្តីសង្ឃឹមរបស់ខ្លួនចោលឡើយ ខណៈដែលពួកគេកំពុងតែសម្លឹងរកការឈ្នះកៅអីឈានទៅវគ្គ៨ក្រុមចុងក្រោយ។ ខ្សែការពារ Dani Alves ដែលបានឈ្នះពាន Champions League ២លើកជាមួយនឹងក្រុម Barcelona និងបានស្ថិតក្នុងក្រុម Juventus ដែលបានចាញ់ក្រុម Real ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីរដូវកាលមុននោះ បានឲ្យដឹងថា៖ «ខ្ញុំគិតថា យើងត្រូវតែការប្រកួតបែបនេះ និងផ្តល់ក្រុមខ្លាំងបែបនេះដើម្បីបោះជំហានឆ្ពោះទៅមុខ ហេតុនេះ គូប្រកួតរបស់យើងពិតជាស្គាល់ក្រុម PSG»។

ខ្សែការពារជើងចាស់រូបនេះបានបន្ថែមទៀតថា៖ «យើងមិនគិតថា យើងមានប្រាក់ច្រើននោះឡើយ។ ខ្ញុំបាននិយាយកាលពីឆ្នាំមុនរួចមកហើយថា ខ្ញុំមកទីនេះមិនមែនដើម្បីរស់នៅក្នុងទីក្រុងប៉ារីស ឬមកកើបប្រាក់ឡើយ។ ខ្ញុំមកទីនេះពីព្រោះខ្ញុំគឺជាអ្នកប្រកួតម្នាក់»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕ ,

ប្រភព៖ Worldsoccertalk