លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានច្រានចោលចំពោះការធ្វើការផ្លាស់ប្តូរកីឡាករក្នុងជម្រើសទាំង ១១នាក់ដំបូងទាំងស្រុង នៅពេលដែលក្រុម Porto ធ្វើដំណើរទៅកាន់ទឹកដី Anfield នារាត្រីនេះ បើទោះបីនាំមុខដល់ទៅ ៥-០ ពីការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេក៏ដោយ។

ក្រុមរបស់លោក Klopp នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Manchester United នៅថ្ងៃសៅរ៍នេះ ក្នុងការប្រកួតមួយដែលមិនត្រឹមតែសំខាន់ដោយសារតែប្រវត្តិនៃការប្រជែងគ្នារវាងក្រុមទាំងពីរនោះឡើយ ប៉ុន្តែ ក៏ជាការប្រកួតដណ្តើមយកកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយផងដែរ។ លោក Klopp ដែលបានធ្វើការផ្លាស់ប្តូរកីឡាករចុះឡើងច្រើនជាងអ្នកចាត់ការទូទៅរូបណាទាំងអស់ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ បានឲ្យដឹងកាលពីថ្ងៃចន្ទថា៖ «យើងពិតជាមិនហានមើលស្រាលទៅលើ Porto ឡើយ និងពិតជាគោរពដល់យុទ្ធនាការនេះ ដែលធ្វើឲ្យមិនអាចគិតដល់ពីការផ្លាស់ប្តូរកីឡាករចុះឡើងយ៉ាងពិតប្រាកដ»។

Liverpool បាននាំយកទម្រង់លេងយ៉ាងល្អឥតខ្ចោះរបស់ពួកគេ ចាប់តាំងពីលត់ក្រុម Porto យ៉ាងចាស់ក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុប កាលពី៣សប្តាហ៍មុន តាមរយៈការពង្រឹងទីតាំងរបស់ខ្លួននៅលើកំពូលតារាងទាំង៤នៃក្របខ័ណ្ឌ Premier League តាមរយៈការយកឈ្នះលើក្រុម West Ham និង Newcastle។ លោក Klopp ពិតជាចង់រក្សាភាពខ្លាំងនោះ ជាងការផ្តល់ការអនុញ្ញាតឲ្យកីឡាករមានការសម្រាក។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានបន្ថែមទៀតថា៖ «អ្នកមិនផ្លាស់ប្តូរកីឡាករចុះឡើងដើម្បីគេចឲ្យផុតពីអ្វីមួយ។ អ្នកគ្រាន់តែចង់ប្រើប្រាស់កីឡាករដែលកំពុងតែស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុត»។ ការប្រកួតនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ប្រភព៖ Channel News Asia