ការប្រកួតនៅក្របខណ្ឌ Bundesliga សម្រាប់សប្តាហ៏ទី២៥ ក្រុមការពារតំណែងជើងឯក Bayern Munich កាន់តែបង្កើនទំនុកចិត្តអាចការពារតំណែងជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga លើកទី៦ ក្រោយផ្តួលក្រុមម្ចាស់ផ្ទះ Freiburg ៤ទល់នឹង០ ក្នុងជំនួបថ្ងៃអាទិត្យ ទី០៤ មីនា។

ការទាត់បាល់ចូលទីខ្លួនឯងដោយ Alexander Schwolow និងការរបានគ្រាប់បាល់ពី Corentin Tolisso បានផ្ដល់ការនាំមុខដល់ Bayern Munich ២ទល់នឹង០នៅតង់ទី១។ ចូលដល់វគ្គទី២ Sandro Wagner និង Thomas Muller រកបានម្នាក់មួយគ្រាប់ទៀតមុនបញ្ចប់ ៩០នាទី។ ក្រុមកំពូលតារាង Bayern Munich បច្ចុប្បន្នមាន ៦៣ពិន្ទុឈរលើកំពូលតារាង នាំមុខដាច់ឆ្ងាយពីក្រុមមានចំណាត់ថ្នាក់លេខ២ Schalke ចំនួន ២០ពិន្ទុ។

សម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Champions League វិញក្រុម Bayern Munich ក្រោមការដឹកនាំរបស់លោក Jupp Heynckes ក៏មានសង្ឃឹមឈានឡើងទៅកាន់់វគ្គ ៨ក្រុម ដោយនាំមុខក្រុមមកពីតួគីគឺ Besiktas ៥ទល់នឹង០ នៅជើងទី១ សម្រាប់ វគ្គ១៦ក្រុមចុងក្រោយ និងជើងទី២ ថ្ងៃទី១៤ មីនា ខាងមុខ ខណៈក្រុមនឹងត្រូវប្រកួតជាមួយក្រុម Bayern Leverkusen ដើម្បីដណ្តើមពានរង្វាន់ German Cup នៅខែក្រោយផងដែរ។