ក្រុមហង្សក្រហម Liverpool បានឡើងទៅវគ្គ៨ក្រុមចុងក្រោយជាមួយ Real Madrid បើទោះជាស្មើគ្នា ០-០ ទល់នឹង Porto ក៏ដោយ។
ជើងឯកទ្វីបអឺរ៉ុប៥សម័យកាលមកពីអង់គ្លេសបានយកឈ្នះ Porto ៥-០ កាលពីជើងទីមួយដូច្នេះលទ្ធផលស្មើកាលពីយប់មិញគ្រប់គ្រាន់នឹងឲ្យពួកគេកក់កៅអីវគ្គបន្ទាប់។ នេះគឺជាលើកដំបូងសម្រាប់ Liverpool ដែលឡើងដល់វគ្គ៨ក្រុមគិតចាប់ពីឆ្នាំ២០០៩មក យ៉ាងណាលោក Jurgen Klopp ថាវាគ្មានអ្វីគួរភ្ញាក់ផ្អើលទេ។
បុរសសញ្ជាតិអាល្លឺម៉ង់មើលឃើញថាវគ្គ៨ក្រុមចុងក្រោយនឹងប្រមូលម្ដុំដោយក្រុមខ្លាំងៗហើយនោះលោកជឿជាក់ថាក្រុមអង់គ្លេសអាចឡើងបាន៤ក្រុម ដោយមាន១ក្រុមធ្លាក់ចេញ។
សួរពាក់ព័ន្ធនឹងឱកាសទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Klopp ថា៖ “ជុំបន្ទាប់នឹងពិបាក ព្រោះក្រុម៧ទៀតសុទ្ធតែខ្លាំង ប្រហែល៤ក្រុមមកពីអង់គ្លេសដូច្នេះវាមិនងាយស្រួលទេ។ Liverpool នឹងមានឱកាសទៅវគ្គ៤ក្រុមចុងក្រោយ ពួកយើងនឹងប្រឹងប្រែងមួយជំហានៗ”។
ការចាប់ឆ្នោតរើសគូវគ្គ៨ក្រុមនឹងធ្វើនៅថ្ងៃទី១៦ ខែមិនាដើម្បីដឹងថា Liverpool ប៉ះក្រុមណា។ វគ្គនេះគឺក្រុមទាំងអស់សុទ្ធតែអាចប៉ះគ្នាទោះមកពីប្រទេសតែមួយក៏ដោយ៕
បន្ទាប់ពីទម្លាក់ក្រុម Porto គ្រូបង្វឹក Liverpool ថាសង្ឃឹមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
អត្ថបទទាក់ទង