ខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែបម្រើ Casemiro សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដូចគ្នាសម្រាប់ក្រុម Real Madrid ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានយកឈ្នះក្នុងលទ្ធផល ២-១ លើក្រុម Paris Saint-Germain ដែលអវត្តមាន Neymar ដើម្បីកក់កៅអីរបស់ពួកគេទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ។

Ronaldo បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ទី១០០ របស់គេសម្រាប់ Real ក្នុងយុទ្ធនាការនេះដែរ ក្នុងពេលក្រុមខ្លួនបានយកឈ្នះ ៣-១ ក្នុងការប្រកួតជើងទី១ នៅប្រទេសអេស្ប៉ាញ កាលពីខែមុន ហើយការរកគ្រាប់បាល់ចូលទីនៅដើមតង់ទី២របស់គេ នាកីឡដ្ឋាន Parc des Princes បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុម PSG ក្នុងការឈានទៅវគ្គបន្តតែម្តង។ ខ្សែប្រយុទ្ធ Edinson Cavani បានរកគ្រាប់បាល់តាមវិញសម្រាប់ក្រុម PSG ក្រោយពីខ្សែបម្រើ Marco Verratti បានរងពិន័យកាតក្រហម នៅមុនពេល Casemiro បានបញ្ចប់ការសង្ស័យផ្សេងៗ ដើម្បីជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះទាំង២ជើងក្នុងលទ្ធផល ៥-២ តែម្តង។

ស្របពេលជាមួយគ្នានេះ ក្រុម Liverpool បានឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយជាលើកទី១ ក្នុងរយៈពេល៩ឆ្នាំ ក្រោយពីបានកត់ត្រាជ័យជម្នះទាំង២ជើង ក្នុងលទ្ធផល ៥-០ លើក្រុម Porto បើទោះបីត្រឹមតែអាចទទួលបានលទ្ធផលស្មើ ០-០ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី២ កាលពីថ្ងៃអង្គារ ក៏ដោយ៕