ខ្សែប្រយុទ្ធ Sergio Aguero នឹងសម្លឹងរកគ្រាប់បាល់ទី២០០ របស់គេសម្រាប់ក្រុម Manchester City នៅពេលដែលក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League មួយនេះ ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Basel ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ នៅរាត្រីនេះ។

Aguero មិនត្រឹមតែជាខ្សែប្រយុទ្ធដែលកំពុងតែឡើងជើងប៉ុណ្ណោះទេ ប៉ុន្តែ សុច្ឆន្ទៈរបស់តារាឆ្នើអន្តរជាតិអាហ្សង់ទីនរូបនេះ គឺការធ្វើឲ្យបានល្អលើសពីការរកគ្រាប់បាល់បញ្ចូលទីទៅទៀត ដែលជាចំណុចធ្វើឲ្យរូបគេទទួលបានការជឿជាក់ពីគ្រូបង្វឹករបស់ខ្លួនគឺលោក Pep Guardiola។

ជាមួយគ្នានេះ ក្រុម Man City ទើបតែបានកម្តៅសាច់ដុំ តាមរយៈការយកឈ្នះលើក្រុម Chelsea ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើឲ្យពួកគេ ត្រូវការឈ្នះត្រឹមតែ ៤ប្រកួតទៀតប៉ុណ្ណោះ ដើម្បីលើកពាន Premier League។ ស្របពេលដែលក្រុមរបស់ខ្លួនកំពុងតែត្រៀមធ្វើជាម្ចាស់ផ្ទះទទួលក្រុម Basel ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ នៅរាត្រីនេះ។

លោក Guardiola បានឲ្យដឹងថា៖ «ចាប់តាំងពីយើងបានស្ថិតនៅជាមួយគ្នា ជាមួយនឹង Sergio នៅទីនេះ ខ្ញុំគិតថា រយៈពេល១ខែ ឬ២ខែចុងក្រោយនេះ គឺជាការបង្ហាញពីទម្រង់លេងដ៏ល្អបំផុតរបស់ Sergio ដែលខ្ញុំបានឃើញ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «រូបគេមិនតឹ្រមតែអាចរកគ្រាប់បាល់បានឡើយ ប៉ុន្តែ គេក៏មិនបានរបូតបាល់ពីជើងរបស់គេដែរ។ រូបគេធ្វើឲ្យមានចលនារត់ពីក្រោយ រូបគេជាកីឡាករទី១ក្នុងការបង្កើតឲ្យមានសម្ពាធខ្លាំងលើដៃគូ ដើម្បីស្វែងរកប្រឡោះគ្រប់គ្រងបាល់សម្រាប់មិត្តរួមក្រុម»។

Aguero វ័យ២៩ឆ្នាំ នៅតែបានរកគ្រាប់បាល់បញ្ចូលទី៣៣គ្រាប់រាល់យុទ្ធនាការទាំងអស់ ដែលជាចំនួនគ្រាប់បាល់ដ៏ច្រើនដែលរូបគេមិនធ្លាប់រកបាននៅរដូវកាលមួយសម្រាប់ Man City។ ក្រុម Man City លោក Guardiola អាចនឹងត្រូវកក់កៅអីរបស់ពួកគេទៅកាន់វគ្គ៨ក្រុមចុងក្រោយនាកីឡដ្ឋាន Etihad រាត្រីនេះ ក្រោយពីបានយកឈ្នះលើក្រុម Basel របស់ស្វ៊ីស ដល់ទៅក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតជើងទី១នៃវគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ប្រភព៖ Channel News Asia