អ្នកចាំទី Gianluigi Buffon បានរំឭកដល់ក្រុម Tottenham ថា ក្រុមសេះបង្កង់ Juventus កំពុងតែមានការជឿជាក់ក្នុងការបង្កើតឲ្យមានការភ្ញាក់ផ្អើលក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ នៅរាត្រីនេះ។

ក្រុមមាន់ខ្នាយមាស Tottenham កំពុងតែស្ថិតក្នុងទីតាំងដ៏ល្អក្នុងការឈានទៅវគ្គ៨ក្រុមចុងក្រោយនៃ Champions League ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ របស់ពួកគេ ក្នុងជើងទី១ នៅប្រទេសអ៊ីតាលី កាលពីខែមុន។

Juventus ហាក់ដូចជាបានគ្រប់គ្រងការប្រកួតនេះទាំងស្រុងទៅហើយ នៅពេលដែលខ្សែប្រយុទ្ធ Gonzalo Higuain បានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅរយៈពេល៩នាទីដំបូង។ ប៉ុន្តែ តារាឆ្នើម Harry Kane បានវាយបក១គ្រាប់វិញ ហើយ Higuain បានស៊ុតបាល់ប៉េណាល់ទីគ្រាប់ទី២មិនចូលទី នៅមុនពេលគ្រាប់បាល់តាមស្មើរបស់ខ្សែបម្រើ Christian Eriksen បានផ្តល់ការខកចិត្តដល់ក្រុមម្ចាស់ជើងឯកអ៊ីតាលីមួយនេះតែម្តង។

ក្រុម Juventus ដែលបានឈានទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ២លើក ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនៃក្របខ័ណ្ឌ Champions League នោះ កំពុងតែប្រឈមមុខនឹងការធ្លាក់ចេញ នាកីឡដ្ឋាន Wembley ប្រសិនបើពួកគេមិនអាចទម្លុះតំបន់ការពាររបស់ក្រុម Tottenham បានទេនោះ។ ទោះបីជាយ៉ាងណា អ្នកចាំទីចាស់វស្សា Buffon របស់ក្រុម Juventus ជឿជាក់ថា ពួកគេនឹងទទួលបានឱកាស ពីព្រោះក្រុមរបស់លោក Mauricio Pochettino តែងតែមានទម្រង់លេងបែបវាយសម្រុក ដែលអាចនឹងធ្វើឲ្យពួកគេមានចម្លោះប្រហោងនៅតំបន់ការពារ។

Buffon បាននិយាយ កាលពីថ្ងៃអង្គារថា៖ «វាជាការប្រជែងដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងការលេងនៅកីឡដ្ឋាន Wembley ដែលជាទីលានប្រវត្តិសាស្ត្រនៃកីឡាបាល់ទាត់ ហើយវាក៏ជាប្រជែងមួយដែរ ពីព្រោះយើងត្រូវតែព្យាយាមទៅវគ្គបន្ត បន្ទាប់ពីជើងទី១ ហើយពីព្រោះយើងនឹងត្រូវប៉ះក្រុមដ៏ខ្លាំងមួយ»។ អ្នកចាំទីរូបនេះបានបន្ថែមទៀតថា៖ «វានឹងក្លាយជាការប្រជែងដ៏លំបាកមួយ ប៉ុន្តែ ពួកគេចូលចិត្តវាយសម្រុក ហេតុនេះ វានឹងបង្កើតឱកាសដល់យើង»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ប្រភព៖ worldsoccertalk