ក្តីរំពឹងឡើងទៅកាន់វគ្គបន្តរបស់ Tottenham Hotspur នៅ UEFA Champions League បានបញ្ចប់ក្តីបំណងរបស់ក្រុមលោក Pochettino ក្រោយត្រូវក្រុមស្រ្តីជរា Juventus ផ្តួលក្នុងលទ្ធផល ២:១ នៅវគ្គ ១៦ក្រុមចុងក្រោយជើងទី២ សរុបទាំង២ជើង គឺ ៤ទល់នឹង៣។

នៅក្នុងជំនួបនាកីឡាដ្ឋាន Wembley ចក្រភពអង់គ្លេស ក្រុមម្ចាស់ផ្ទះរហ្សសនាមមាន់ខ្នាយមាស ជាអ្នករកគ្រាប់បាល់បានមុនគឺខ្សែបម្រើកូរ៉េខាងត្បូង Heung-Min Son ស៊ុតបញ្ចូលទីមុនចប់វគ្គទី១។ ប៉ុន្តែចូលមកដល់វគ្គទី២ ក្រុមភ្ញៀវម្ចាស់ជើងឯករងពាន Champion League រដូវកាលមុន បានបង្កើនការវាយសម្រុកវិញ ដោយនាទី៦៤ អតីតខ្សែប្រយុទ្ធ Real Madrid កីឡាករ Gonzalo Higuain ជាអ្នកតាមស៊ុតបញ្ចូលទី ១គ្រាប់ស្មើគ្នា។

ខណៈ ៣នាទីបន្ទាប់ ខ្សែបម្រើអាឡឺម៉ង់ Sami Kheidera បានបញ្ចូនបាល់អោយ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Paulo Dybala ស៊ុតជើងឆ្វេងបាន ១គ្រាប់ទៀត នាំអោយក្រុមភ្ញៀវ Juventus យកឈ្នះក្នុងលិទ្ធផល ២ទល់នឹង១។