លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United នឹងមានការងារដ៏លំបាកមួយក្នុងការរារាំងខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុម Liverpool នៅពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមកំពុងតែឡើងទម្រង់លេងមួយនេះ នៅចុងសប្តាហ៍នេះ ខណៈដែលការប្រជែងដណ្តើមចំណាត់ថ្នាក់លេខ២ នៅលើតារាង Premier League ក៏កំពុងនៅក្នុងលក្ខណៈបើកចំហរផងដែរ។

ស្របពេលដែលក្រុម Manchester City របស់លោក Pep Guardiola កំពុងមានពិន្ទុនាំមុខដាច់យ៉ាងឆ្ងាយក្នុងការឆ្ពោះទៅកាន់ការឈ្នះពាន ការប្រជែងរវាងក្រុម Man United និង Liverpool ដែលជាក្លិបដ៏ជោគជ័យបំផុតទាំង២ ក្នុងកីឡាបាល់ទាត់អង់គ្លេស នឹងត្រូវប្រជែងគ្នាដណ្តើមយកចំណាត់ថ្នាក់លេខ២។ ការវាយបកដ៏មិននឹកស្មានដល់របស់ក្រុម Man United ពីការដេញតាមពីក្រោយ ២-០ កាលពីថ្ងៃចន្ទ ដើម្បីផ្តួលក្រុម Crystal Palace ក្នុងលទ្ធផល ៣-២ បានរក្សាការនាំមុខ ២ពិន្ទុរបស់ពួកគេលើក្រុម Liverpool ក្នុងការប្រជែងដណ្តើមលេខ២ បន្ទាប់ពីក្រុម Man City។

ខ្សែបម្រើ Nemanja Matic បានបំពេញការវាយបកសម្រាប់ក្រុមរបស់លោក Mourinho តាមរយៈការរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ក្នុងទីក្រុងឡុងដ៍ ប៉ុន្តែការដណ្តើមបាន ៣ពិន្ទុនេះ បានកើតឡើង ក្នុងពេលក្រុម Man United បានបង្ហាញពីទម្រង់លេងដោយគ្មានការជឿជាក់ជាបន្តបន្ទាប់។ Matic ដែលបានទទួលស្គាល់ពីការរំភើបរីករាយរបស់ខ្លួនក្រោយពីរកគ្រាប់បាល់ទី១របស់គេសម្រាប់ Man United នោះ បានឲ្យដឹងថា៖ «យើងត្រូវតែមានភាពស្មោះត្រង់ យើងត្រូវតែលេងឲ្យបានល្អប្រសើរជាងនេះ។ យើងត្រូវធ្វើឲ្យបានល្អជាងនេះ ប្រសិនបើយើងចង់ឈ្នះ ខណៈដែល Liverpool គឺជាក្រុមដ៏ខ្លាំងមួយ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៧:៣០ទៀបភ្លឺ៕