គ្រូបង្វឹកស្ថិតក្រោមការរិះគន់របស់ Arsenal លោក Arsene Wenger ត្រូវបានធ្វើឲ្យធូរស្រាល ក្រោយពីក្រុមរបស់លោកបានកត់ត្រាជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍ក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម AC Milan ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ កាលពីថ្ងៃប្រហស្បតិ៍ បន្ទាប់ពីជួបសុបិនអាក្រក់កាលពីចុងសប្តាហ៍មុន។

ខ្សែបម្រើ Henrikh Mkhitaryan បានជួយឲ្យក្រុម Arsenal មានគ្រាប់បាល់បើកឆាកនៅនាទី ទី១៥ តាមរយៈការរកគ្រាប់បាល់បញ្ចូលទីជាលើកទី១របស់គេសម្រាប់ក្លិបនេះ ហើយ AC Milan បានរបូតឲ្យមានគ្រាប់បាល់បន្ថែមទៀតនៅមុនពេលបញ្ចប់តង់ទី១ ខណៈដែល Aaron Ramsey បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ លោក Wenger ត្រូវការលទ្ធផលជាវិជ្ជមានជាចាំបាច់ ក្រោយពីបានធ្លាក់ចូលក្រោមសម្ពាធដ៏ធំ សម្រាប់ការរងបរាជ័យ៤លើកជាប់ៗគ្នា ហើយគ្រូបង្វឹករូបនេះ ក៏ត្រូវដឹកនាំក្រុមរបស់ខ្លួនទៅប៉ះជើងខ្លាំង AC Milan ដែលមិនស្គាល់ចាញ់សោះពីការប្រកួត១៣លើកចុងក្រោយរបស់ខ្លួន ផងដែរ។

គ្រូបង្វឹកសញ្ជាតិបារាំងវ័យ ៦៨ឆ្នាំរូបនេះ បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «វាពិតជាជ័យជម្នះដ៏សំខាន់មួយ ក្រោយពីយើងបានជួបសប្តាហ៍ដ៏ត្រដាបត្រដួស។ ខ្ញុំពិតជាពេញចិត្តចំពោះស្មារតី និងការឆ្លើយតបដែលយើងបានផ្តល់ឲ្យ។ នៅពេលដែលអ្នកដួលសន្លប់ដូចជាកីឡាករប្រដាល់ម្នាក់ អ្នកមិនមានពេលវេលាក្នុងការស្រោចស្រង់វិញឡើយ ហើយអ្នកនឹងស្ថិតនៅពាក់កណ្តាលផ្លូវនៃការងើបឡើងវិញ ប៉ុន្តែ អ្នកត្រូវតែឆ្លើយតប»៕