ខ្សែប្រយុទ្ធ Diego Costa បានជួយឲ្យក្រុម Atletico Madrid បោះជំហានដ៏ធំមួយឆ្ពោះទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League តាមរយៈការរកគ្រាប់បាល់បញ្ចូលទីក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៣-០ លើក្រុម Lokomotiv Moscow កាលពីថ្ងៃព្រហស្បតិ៍។

ក្រុម Atletico នឹងបន្តធ្វើការនាំមុខក្នុងពិន្ទុដ៏ខ្ពស់នេះទៅកាន់ការប្រកួតជើងទី២ ក្នុងប្រទេសរុស្ស៊ី។ កីឡាករ Saul Niguez បានរកគ្រាប់បាល់បំប៉ោងសំណាញ តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនាកីឡដ្ឋាន Wanda Metropolitano នៅមុនពេល Costa ជួយឲ្យក្រុមខ្លួននាំមុខ ២-០ តាមរយៈការស៊ុតបាល់បញ្ចូលទីដ៏ល្អ។ Koke បានបន្ថែមគ្រាប់បាល់ទី៣នៅជិតបញ្ចប់ការប្រកួត ដើម្បីធ្វើឲ្យក្រុម Lokomotiv ត្រឈមមុខនឹងការងារដ៏ធំមួយក្នុងការជម្នះនៅសប្តាហ៍ក្រោយ។ Costa បានស៊ុតបាល់បញ្ចូលទី ៦គ្រាប់ក្នុងការបង្ហាញខ្លួន១២លើក ចាប់តាំងពីផ្ទេរទៅកាន់ក្លិប Atletico ពីក្លិប Chelsea កាលពីខែមករា។


សន្តិសុខជុំវិញការប្រកួតនេះ ត្រូវបានរិតបន្តឹង ដោយសារតែបារម្ភខ្លាចមានការប៉ះទង្គិចដោយអំពើហិង្សារវាងអ្នកគាំទ្រម្តងទៀត ដូចក្នុងការប្រកួតរវាងក្រុម Athletic Bilbao និង Spartak Moscow កាលពី២សប្តាហ៍មុន។ ទោះបីជាយ៉ាងណា អ្នកគាំទ្ររបស់រុស្ស៊ីត្រឹមតែ៥០០នាក់ប៉ុណ្ណោះ ត្រូវបានរាយការណ៍ថា បានធ្វើដំណើរទៅកាន់ទីក្រុងរបស់អេស្ប៉ាញ ហើយមិនមានសញ្ញានៃបញ្ហាឡើយ នៅមុនពេលការប្រកួតនេះ។

Lokomotiv កំពុងតែនាំមុខ៧ពិន្ទុដាច់នៅលើកំពូលតារាងនៃក្របខ័ណ្ឌរុស្ស៊ី Premier League ប៉ុន្តែ នេះគឺជាការឈានទៅប្រកួតក្នុងវគ្គដ៏ខ្ពស់បំផុតនៃក្របខ័ណ្ឌអឺរ៉ុប ចាប់តាំងពីពួកគេបានឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីឆ្នាំ២០០៤៕