ទាំងក្លឹបបារាំង Paris Saint-Germain (PSG) និងក្លឹប Basel របស់ស្វីស ត្រៀមទទួលទណ្ឌកម្មពីសហព័ន្ធ កីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ដោយសារតែមិនអាចគ្រប់គ្រងអ្នកគាំទ្ររបស់ខ្លួនបាននាអំឡុងប្រកួតក្នុង UEFA Champions League នាពេលថ្មីៗនេះ។

PSG នឹងទទួលទណ្ឌកម្ម ដោយសារតែអ្នកគាំទ្ររបស់ខ្លួនដុតកាំជ្រួច និងប្រើភ្លើងឡាស៊ែរ នៅអំឡុងការប្រកួតពេល PSG ទទួលក្រុមភ្ញៀវ Real Madrid របស់អេស្ប៉ាញជើងទី២ នៃ Champions កាលពីរាត្រីថ្ងៃអង្គារកន្លងទៅ ដែលធ្វើឲ្យការប្រកួតមានការពន្យារពេលផងដែរ ដោយសារទីលានពោរពេញដោយផ្សែង។

នេះក៏ជាលើកទី៤ ផងដែរ ដែលក្លឹប PSG ទទួលរងពិន័យពី UEFA ដោយសារតែអ្នកគាំទ្ររបស់ខ្លួន ខណៈដែលក្លឹប លេខ១ របស់បារាំងមួយនេះ មិនអាចឡើងទៅវគ្គ ៨ក្រុមបានឡើយ ក្រោយប្រកួតចាញ់ Real Madrid ទាំងពីរជើង។

លទ្ធផលប្រកាសទណ្ឌកម្មទៅក្លឹបទាំងពីរ នឹងត្រូវប្រកាសឲ្យដឹងជាផ្លូវការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដោយក្រុមប្រឹក្សាវិន័យ និងយុត្តិធម៌នៃ UEFA ខណៈ Basel ត្រូវបានពិន័យដោយសារអ្នកគាំទ្រដុតកាំជ្រួចបោះទៅខាងអ្នកគាំទ្រក្លឹប Manchester City នៅកីឡដ្ឋាន Etihad៕

អត្ថបទ៖ Khmertalking