គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិហុល្លង់ លោក Ronald Koeman បានបង្ហាញឈ្មោះបឋមសម្រាប់ក្រុមកីឡាករជម្រើសជាតិបិសាចទឹកក្រូចហូឡង់ទាំង ៣៣រូប។ ក្នុងចំណោមកីឡាករយុវជនជំនាន់ក្រោយនោះក៏មាន Justin Kluivert កូនប្រុសបង្កើតអតីតខ្សែប្រយុទ្ធឆ្នើមហុល្លង់ Patrick Kluivert របស់ក្រុម Barcelona ផងដែរ ដែលរូបលោកបានសម្រេចជ្រើសរើស សម្រាប់ត្រៀមដាក់ប្រកួតមិត្តភាព ជាមួយតោកំណាចអង់គ្លេសនៅថ្ងៃទី២៣ មីនា និងម្ចាស់ជើងឯកទ្វីបអឺរ៉ុបព័រទុយហ្គាល់នា ថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៨។

ខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំកំពុងលេងអោយក្រុម Ajax Amsterdam រូបនេះស្ថិតក្នុងចំណោមកីឡាករមិនធ្លាប់ជាប់ជម្រើសជាតិក្រុមធំហុល្លង់ពីមុនមកមានចំនួន ៧នាក់ដែលត្រូវបានលោក Koeman កោះហៅមកជួយក្រុមរួមមាន ដូចជា Hans Hateboer មកពី Atalanta, Ruud Vormer មកពី Club Bruges, Steven Bergwijn មកពី PSV ព្រមទាំង Marco Bizot, Gus Til និង Wout Weghorst មកពី AZ។

អតីតជំនួយការក្រុម Barcelona និងជាអ្នកចាត់ការ Southampton និង Everton លោក Koeman ដែលបានចូលកាន់តំណែងគ្រូបង្គោលជម្រើសជាតិហូឡង់កាលពីខែកុម្ភៈ បានផ្លាស់ប្ដូរសមាសភាពកីឡាករក្នុងបញ្ជីរបស់លោកធៀបទៅនឹងក្រុមចាស់ដែលបរាជ័យក្នុងការជម្រុះ World Cup 2018។ ក្នុងចំនោមកីឡាករទាំង ទាំង៣៣នាក់ ដែលលោក Koeman ចម្រាញ់មកមានតែ Ryan Babel ម្នាក់គត់ប៉ុណ្ណោះ ដែលបច្ចុប្បន្នកំពុងលេងអោយក្រុម Besiktas មានវ័យ ៣១ឆ្នាំ ក្រៅពីនេះគឺជាកីឡាករវ័យក្មេង។