ខ្សែការពារឆ្នើមសញ្ជាតិអេស្បាញ Sergio Ramos របស់ក្រុមអធិរាជស Real Madrid បានក្លាយជាកីឡាករដែលលេងកាចបំផុតក្នុងប្រវត្តិសាស្ត្រការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប UEFA Champions League បន្ទាប់ពីទទួលរងពិន័យកាតលឿងមួយបន្ថែមទៀតក្នុងការប្រកួតទល់នឹង Paris St Germain កាលពីថ្ងៃអង្គារទី៦ ខែមីនា ឆ្នាំ២០១៨។

អតីតយុវជនក្រុម Sevilla កីឡាករ Ramos មកដល់ពេលបច្ចុប្បន្ននេះមានកំណត់ត្រាទទួលរងការពិន័យពីអាជ្ញាកណ្តាលនៅចំនួនកាត ៣៦សន្លឹក ហើយពោលគឺស្មើគ្នាជាមួយវីរបុរសនិងជាអតីតខ្សែបម្រើដ៏ល្បីល្បាញសញ្ជាតិអង់គ្លេស របស់ក្រុម Manchester United កីឡាករ Paul Scholes ប៉ុន្តែពេលនេះប្រធានក្រុមជម្រើសជាតិគោជល់អេស្បាញវ័យ ៣១ឆ្នាំបានកើនចំនួនកាតលឿងលើស រៀមច្បងគឺ Scholes ហើយក្លាយជាកីឡាករដែលរងពិន័យកាតច្រើនជាងគេបំផុតក្នុងពាន UCL គឺសរុប ៣៧កាត រួមបញ្ចូលទាំងកាតក្រហម១ដងនិងកាតលឿង២ដងផងដែរ។

សម្រាប់ការប្រកួតនៅក្របខណ្ឌកំពូល អេស្បាញ La Liga វិញ Ramos ទទួលរងការបណ្តេញចេញពីការប្រកួតគឺកាតក្រហមរហូតដល់ ១៩សន្លឹកផងដែរ។