វិរបុរស Ryan Giggs ​របស់​ក្រុម​បិសាច​ក្រហម ​និង​ត្រូវ​ជា​ Brand Ambassador ​របស់​ក្រុមហ៊ុន Tiger ​បាន​មក​ដល់​កម្ពុជា​ហើយ ​ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​នាក់។

ក្នុង​ដំណើរ​មក​ដល់​នេះ​ដែរ ​Giggs ​បាន​និយាយ​សរសើរ​ប្រទេស​កម្ពុជា ​ហើយ​ពិត​ជា​រីករាយ​ដែល​មាន​ឱកាស​បាន​ឈាន​ជើង​ចូល​ប្រទេស​នៅ​តំបន់​អាស៊ាន​មួយ​នេះ។ មួយ​វិញ​ទៀត ​លោក​ក៏​រំពឹង​ថា​នៅ​ថ្ងៃ​ស្អែក​នេះ នឹង​បាន​ឃើញ​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​របស់​ពួកគេ​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Tiger Street Football Festival 2018 ។

អ្វីដែលកាន់តែអស្ចារ្យថែម​ទៀត​នោះ Giggs បានបញ្ជាក់​ថា​លោក​មក​កម្ពុជា​នេះ មិនមែន​ជា​លើកទី​១​នោះ​ទេ ពោលគឺ​ធ្លាប់​មក​ម្ដង​ហើយ ប៉ុន្តែ​មិន​បាន​មក​ភ្នំពេញ​ទេ នៅ​តាម​ជាយ​ដែន​​ជាប់​ប្រទេស​ថៃ​ឯណោះ។ ដោយ​កាល​នោះ ​ស្នាក់​នៅ​ទឹក​ដី​កម្ពុជា ប្រហែល​១០​ម៉ោង។

នៅ​ថ្ងៃ​ស្អែក​នេះ ​បុរស​វ័យ​៤៤​ឆ្នាំ​រូប​នេះ​នឹង​មាន​វត្តមាន​នៅ​ទីលាន​ Tiger Street Football Festival 2018​ នាកោះពេជ្រ ​មុន​បើក​សន្នីសីទ​កាសែត​ជា​ផ្លូវការ​នៅ​ពេល​រសៀល។ នា​ពេល​ល្ងាច​ អតីត​គ្រូ​បង្វឹក​របស់​ Manchester United ​រូប​នេះ ក៏​នឹង​មាន​ការ​ប្រកួត​បង្ហាញ​សមត្ថភាព​ខ្លះ​ៗ​ឱ្យ​អ្នក​គាំទ្រ​ទស្សនា​ផង​ដែរ៕
ប្រភពពី: Sabay