បាល់ទាត់៖ ​ប៉ូលីស​សរុប 1300នាក់បូករួម​ទាំង​ប៉ូលីស​បង្ក្រាប​បាតុកម្ម 300នាក់ត្រូវ​បាន​ដាក់​ពង្រាយ​អោយ​ការពារ ​អំឡុង​ការប្រកួត​ក្រប​ខណ្ឌ UEFA Europa League វគ្គ 16ក្រុម​ចុងក្រោយ​យប់​ម៉ិ​ញ​រវាង​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ Atletico Madrid ទទួល​ភ្ញៀវ​រុស្ស៊ី Lokomotiv Moscow​។

​​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​ខ្ពស់ ​បន្ទាប់ពី​មានការ​បង្ក​ចលាចល​រវាង​អ្នកគាំទ្រ Athletic Bilbao ប៉ះ​ជាមួយ​អ្នកគាំទ្រ Spartak Moscow ដោយ​នៅ​ពេល​នោះ​មន្ត្រី​ប៉ូលីស​ម្នាក់​បាន​បាត់បង់​ជីវិត​។ ​អ្នកគាំទ្រ​រុស្ស៊ី​ប្រមាណ 500នាក់​ត្រូវ​បាន​គេ​ដឹង​ថា​ មកដល់​ទឹកដី​អេ​ស្ប៉ា​ញ​ទស្សនាការ​ប្រកួត​រវាង Atletico Madrid និង Lokomotiv Moscow យប់​ម៉ិ​ញ ហើយ​ក្នុង​នោះ​ដែរ​អាជ្ញា​ធរមាន​សមត្ថកិច្ ច​ក៏​អាច​កំណត់​អត្តសញ្ញាណ​អ្នក​គាំទ្រ​ទាំងនោះ​បាន​ដែរ ពោល​គឺ​មួយ​ចំនួន​ធ្លាប់​មាន​ប្រវត្តិ​បង្ក​ហិង្សា និង​ចលាចល​។

​​អ្នកគាំទ្រ​ម្នាក់ៗ​ត្រូវ​បាន​ឆែកឆេរ​យ៉ាង​តឹងរ៉ឹង​ មុននឹង​ដើរចូល​កីឡដ្ឋាន Wanda Metropolitano ខណៈ​ដែល​ការ ប្រកួត​បញ្ចប់​ទៅ​ដោយ​ម្ចាស់ផ្ទះ Atletico Madrid យកឈ្នះ Lokomotiv Moscow 3-0 ដោយ​គ្រាប់​បាល់​របស់ Saul Niguez, Diego Costa និង Koke៕
ប្រភពពី: Bayon