ក្រុម Man.United បានបើកទ្វារកីឡាដ្ឋាន Old Trafford ទទួលស្វាគមន៏ក្រុមភ្ញៀវហង្សក្រហម Liverpool សម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី៣០។

ការទទួលជ័យជម្នះក្នុងទឹកដីដោយលទ្ធផល ២:១ នេះមានន័យថាក្រុមរបស់លោក Jose Mourinho បានកាត់បន្ថយគម្លាតទៅលើក្រុមមេដឹកនាំក្រុម Manchester City រហូតដល់ទៅ ១៣ពិន្ទុខណៈក្រុម Man City និងត្រូវប្រកួតជាមួយក្រុម Stoke នៅថ្ងៃចន្ទនេះ។

ការប្រកួតនៅតង់ទី១ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស Marcus Rashford រកបានគ្រាប់បាល់បញ្ចូលទី ដោយការស៊ុតពីចម្ងាយនៅនាទីទី១៤ ធ្វើអោយក្រុមម្ចាស់ផ្ទះនាំមុខមុន។ ការប្រកួតមិនទាន់បញ្ចប់តង់ទី១ កីឡាករ Marcus Rashford ដដែល បានបន្ថែមគ្រាប់បាល់ទី២ នៅនាទីទី២៤ មុនបញ្ចប់តង់ទី១។

ចូលមកដល់តង់ទី២ ខ្សែការពារ Eric Bailly បានបង្កកំហុសធ្វើអោយចូលទីខ្លួនឯងនៅនាទីទី៦៦ ធ្វើអោយក្រុមភ្ញៀវ Liverpool មានពិន្ទុតាមពីក្រោយក្រុមម្ចាស់ផ្ទះ ១:២ ប៉ុន្តែនៅតែមិនអាចមានឪកាសតាមស្មើបាន។ បញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Man.United យកឈ្នះក្រុម Liverpool ដោយលទ្ធផល ២:១។

ក្រុម Man.United នឹងត្រូវប្រកួតពានរង្វាន់ Champion League វគ្គ១៦ក្រុមចុងក្រោយជើងទី២ ជាមួយក្រុម Sevilla នៅថ្ងៃអង្គារសប្តាហ៏នេះ ដើម្បីឈានទៅវគ្គ ៨ក្រុមចុងក្រោយ ខណៈក្រុមនឹងត្រូវប្រកួតជាមួយក្រុម Brighton សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ FA Cup នៅ វគ្គ ១/៤ផ្តាច់ព្រ័ត្រនៅ ថ្ងៃសៅរ៏សប្តាហ៏នេះផងដែរ។