ក្រុមភ្ញៀវអ្នកមានបុណ្យ Barcelona នៅសប្តាហ៏២៨ នៃការប្រកួតនៅក្របខណ្ឌកំពូល La liga បានយកឈ្នះក្រុមម្ចាស់ផ្ទះ Malaga ក្នុងលទ្ធផល ២-០ ដោយគ្មានវត្តមានកំពូលខ្សែប្រយុទ្ធ Lionel Messi នៅយប់ថ្ងៃសៅរ៍ទី១០ ខែមីនា ឆ្នាំ២០១៨។ តារាឆ្នើម Lionel Messi រកបាន ២៤គ្រាប់ហើយនៅក្នុងលីគ La Liga ពីការប្រកួត ២៧ដងកន្លងមក មិនបានបង្ហាញវត្តមានសម្រាប់ការប្រកួត ក្រោយពេលដែលភរិយានាង Antonella ទើបនឹងសម្រាលបុត្រទី៣។

ខ្សែប្រយុទ្ធអ៊ុយរ៉ូហ្គាយ Luis Suarez បានរកគ្រាប់បាល់បើកឆាកនៅនាទីទី១៥ សម្រាប់ក្រុមភ្ញៀវមុនពេលខ្សែបម្រើប្រេស៊ីល Philippe Coutinho ស៊ុតបាល់បញ្ចូលទីគ្រាប់ទី២ ដោយខ្សែប្រយុទ្ធបារាំង Ousmane Dembele យកគ្រាប់ទី២យ៉ាងល្អក្នុងនាទី២៨។ ស្របពេលការស៊ុតបញ្ចូលទីនេះ គឺជាគ្រាប់ទី៣របស់ Coutinho គិតចាប់តាំងផ្ទេរមកពីក្រុម Liverpool កំលុងខែមករា។

ក្រុមម្ចាស់ផ្ទះ Malaga ត្រូវលេងទល់នឹងក្រុមភ្ញៀវជាមួយសមាជិកនៅសល់គ្នាត្រឹមតែ ១០នាក់ បន្ទាប់ពី Samu Garcia រងពិន័យកាតក្រហមក្រោយបង្កកំហុសលើខ្សែការពារអេស្បាញ Jordi Alba។
ការប្រកួតដ៏សំខាន់របស់ក្រុម Barcalona គឺត្រូវទទួលក្រុមភ្ញៀវ Chelsea ក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ Champions League ថ្ងៃពុធទី១៤ ខែមីនា សប្តាហ៏ក្រោយ ខណៈការប្រកួតជើងទី១នៅ កីឡាដ្ឋាន Stamford Bridge ក្រុមទាំង២ ទទួលលទ្ធផលស្មើគ្នា១-១៕