ការប្រកួតនៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់សម្រាប់សប្តាហ៏ទី២៦ ក្រុមកំពូលឈរនៅកំពូលតារាង Bayern Munich ធ្វើបានយ៉ាងល្អខណៈខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski ស៊ុតបានគ្រាប់បាល់លើកទី១០០ សម្រាប់ក្របខណ្ឌ Bundesliga អោយក្រុម Bayern Munich ដោយធ្វើបាន Hat-trick ក្នុងជំនួបជ័យជម្នះ ៦-០ លើក្រុម Hamburg កាលពីយប់ថ្ងៃសៅរ៍ទី១០ ខែមីនា ឆ្នាំ២០១៨។

អតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំង កីឡាករសម្បូរបទពិសោធន៏ Frank Ribery ជាអ្នកស៊ុតគ្រាប់បើកឆាកនៅនាទីទី៨ ខណៈ Lewandowski រកបាន ២គ្រាប់បន្ទាប់នៅនាទី១២ និង១៩ មុនពេលខ្សែបម្រើស្លាបជើងចាស់ Arjen Robben ស៊ុតមួយគ្រាប់បន្ថែមទៀតនៅនាទី៥៥។ កីឡាករ Ribery បានបន្ថែមគ្រាប់បាល់ទី៥ អោយក្រុម Bayern ក្នុងនាទី៨១ មុនពេល Lewandowski ធ្វើបានហ៊ែតទ្រីកតាមរយៈបាល់ពិន័យ ១១ម៉ែត្រនៅនាទី៩០ មុនបញ្ចប់ការប្រកួត។ ស្ទើរតែរកបាន៤គ្រាប់សម្រាប់ការប្រកួតនេះទៅហើយអតីតសមាជិក Dortmund ដដែល បានស៊ុតបាល់ ១១ម៉ែត្រមិនចូលជាលើកដំបូងសម្រាប់ក្រុម Bayern Munich នៅនាទីទី៨៦។

ក្រុមការពារតំណែងជើងឯក Bayern Munich ក្រោយការចូលមកដឹកនាំដោយលោក Jupp Heynckes មិនដែលស្គាល់បរាជ័យឡើយឡើយគិតតាំងពីខែវិច្ឆិកាឆ្នាំមុនមក ជាមួយការឈ្នះ ១៦ដងក្នុងចំនោម ១៧ប្រកួតចុងក្រោយ និងកំពុងនាំមុខដាច់ ២០ពិន្ទុលើក្រុមលេខ២ Shcalke ។