ខ្សែប្រយុទ្ធ Son Heung-Min បានជួយឲ្យក្រុម Tottenham Hotspur គេចផុតពីការខកចិត្តដ៏ធំមួយដោយសារតែបញ្ហារបួសជើងរបស់តារាឆ្នើម Harry Kane ខណៈដែលរូបគេបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ក្នុងពេលដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-១ នៅលើទឹកដីក្រុម Bournemouth កាលពីថ្ងៃអាទិត្យ។

Spurs បានឡើងទៅឈរពីលើក្រុម Liverpool ក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាងក្របខ័ណ្ឌ Premier League ប៉ុន្តែ វាបានក្លាយជាជ័យជម្នះដ៏ជូរចត់មួយ ក្រោយពីការកើតមានកង្វល់នានាជាច្រើនជុំវិញបញ្ហារបួសរបស់ Kane សម្រាប់ទាំងក្លិប និងប្រទេសរបស់គេ។

ស្របពេលជាមួយគ្នានេះ ក្រុម Arsenal ក៏ដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៣-០ ផងដែរ លើក្រុម Watford នាកីឡដ្ឋាន Emirates ដើម្បីបញ្ចប់ការបរាជ័យជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League ត្រឹម៣ប្រកួត។ លោក Arsene Wenger គ្រូបង្វឹករបស់ក្រុម Arsenal បានឲ្យដឹងថា៖ «ស្មារតី និងការស្រេកឃ្លានពិតជាខ្លាំង។ ចំណុចនោះបានជួយឲ្យយើងគេចផុតពីបញ្ហា។ អ្នកត្រូវតែកោតសរសើរដល់កីឡាករ។ ពួកគេពិតជាបានលេងប្រកបដោយភាពស៊ីចង្វាក់គ្នា»។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានប្រាប់បន្តថា៖ «ខ្ញុំជឿជាក់ថា វាពិតជាសំខាន់ណាស់ក្នុងការបន្ត ក្រោយពីការប្រកួតជាមួយនឹងក្រុម AC Milan ដើម្បីបង្ហាញពីភាពខ្លាំង។ សរុបមក វាជាជ័យជម្នះដ៏គួរឲ្យជឿជាក់ និងសំខាន់មួយ។ យើងមានពេលវេលាដ៏ខកចិត្តមួយ ហើយអ្នកគាំទ្ររបស់យើងក៏បានរងគ្រោះដូចយើងផងដែរ។ ប៉ុន្តែ ការងាររបស់យើងគឺការបង្ហាញពីទម្រង់លេងឲ្យបានល្អ និងលេងប្រកបដោយភាពស៊ីចង្វាក់គ្នា»៕