ខ្សែប្រយុទ្ធ Marcus Rashford ជឿជាក់ថា ការអភិវឌ្ឍរបស់គេ នឹងមិនជួបបញ្ហាដោយសារតែការខ្វះការចូលលេងក្នុងការប្រកួតនានាឡើយ ក្រោយពីបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ២-១ លើក្រុម Liverpool ក្នុងពេលវិលទៅចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងក្នុងក្រុម Manchester United វិញ។

ការប្រកួតកាលពីថ្ងៃសៅរ៍ នាកីឡដ្ឋាន Old Trafford គឺជាការបង្ហាញខ្លួនក្នុងជម្រើសដំបូងនៃក្របខ័ណ្ឌ Premier League របស់ Rashford ចាប់តាំងពីថ្ងៃប្រកួត Boxing Day និងជាលើកទី១ ក្នុងរាល់យុទ្ធនាការទាំងអស់ក្នុងឆ្នាំ ២០១៨នេះ ប៉ុន្តែ រូបគេមិនបានបង្ហាញពីការធ្លាក់ចុះទម្រង់លេងឡើយ ខណៈដែលក្រុមឈរលេខ២ Man United បានបន្ថែមការនាំមុខរបស់ខ្លួន ពីលើគូប្រជែង។

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះ បានឲ្យដឹងថា៖ «ក្នុងប្រទេសនៃការប្រកួតបែបនេះ នៅពេលដែលសម្ពាធកំពុងតែស្ថិតនៅលើអ្នក អ្នកត្រូវតែជឿជាក់លើខ្លួនឯង ហើយខ្ញុំគិតថា ការជឿជាក់នោះហាក់កើតឡើងក្នុងការប្រកួតទាំងនេះ ហើយក្រុមហាក់បញ្ចេញប្រតិកម្មយ៉ាងល្អ នៅពេលដែលយើងធ្វើមិនបានល្អក្នុងការប្រកួតផ្សេងទៀត»។

Rashford បានធ្វើឲ្យឱកាសនៃការបង្ហាញខ្លួនក្នុងជម្រើសទាំង ១១នាក់ដំបូងរបស់គេកើនឡើងកាន់តែច្រើន ក្នុងពេល Man United ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sevilla ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីនេះ ក្រោយពីការប្រកួតជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ប៉ុន្តែ រូបគេបាននិយាយថា រូបគេបានសិក្សារៀនសូត្រដ៏ច្រើនបំផុតនៅលើទីលានហ្វឹកហាត់។ កីឡាករវ័យក្មេងរូបនេះ ដែលសង្ឃឹមថា នឹងលេងក្នុងតួនាទីដ៏សំខាន់សម្រាប់ក្រុមអង់គ្លេស ក្នុង World Cup នៅរុស្ស៊ីនោះ បានបន្ថែមថា៖ «នៅពេលនេះ ខ្ញុំប្រហែលជាមិនរៀនបានច្រើននៅលើទីលានប្រកួតឡើយ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕
ប្រភព៖ Sport24