ខ្សែបម្រើដ៏មានឥទ្ធិពល David Silva បានស៊ុតបាល់បញ្ចូលទី ២គ្រាប់យ៉ាងល្អ ខណៈដែលក្រុម Manchester City បានបោះជំហានកាន់តែកៀកឆ្ពោះទៅកាន់ការឈ្នះពាន Premier League ជាលើកទី១ របស់ពួកគេ ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្រោយពីបានកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Stoke កាលពីថ្ងៃចន្ទ។

ក្រោយពីបានរក្សាការនាំមុខ ១៦ពិន្ទុជាថ្មីនៅលើកំពូលតារាង ការដណ្តើមបានជ័យជម្នះចុងក្រោយនេះ ធ្វើឲ្យ Man City ត្រូវការឈ្នះក្នុងការប្រកួតដ៏សំខាន់មួយទៀតនៅដើមខែក្រោយ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមឈរលេខ២ Man United ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Manchester ដើម្បីកាន់តែមានភាពក្នុងការលើកពាន។

បន្ទាប់ពីបញ្ចប់ការប្រកួតនេះ លោក Guardiola គ្រូបង្វឹករបស់ក្រុម Man City បានឲ្យដឹងថា៖ «យើងកំពុងតែស្ថិតកាន់តែកៀកនៅពេលនេះ។ យើងមាន ៨១ពិន្ទុ ដែលជាពិន្ទុដ៏ច្រើន។ យើងមានទម្រង់លេងដ៏រឹងមាំ។ យើងបានគ្រប់គ្រងការប្រកួតនេះ និងមិនបានបណ្តោយឲ្យមានការឱកាសវាយបកវិញឡើយ»។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «David Silva គ្រប់គ្រងសកម្មភាពនៃការប្រកួតយ៉ាងល្អ។ រូបគេមានទេពកោសល្យយ៉ាងច្បាស់លាស់។ រូបគេគឺជាអ្នកប្រកួតប្រកបដោយការស្រេកឃ្លាន»៕
ប្រភព៖ Channel News Asia