ក្លិបកំពុងតែត្រដាបត្រដួស Southampton របស់ក្របខ័ណ្ឌ Premier League បានបណ្តេញគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Mauricio Pellegrino ចេញពីតំណែងកាលពីថ្ងៃចន្ទ ស្របពេលដែលនៅសល់ត្រឹមតែ ៨ប្រកួតទៀតប៉ុណ្ណោះនៅរដូវកាលនេះ។

លោក Pellegrino បានចូលកាន់តំណែងនាកីឡដ្ឋាន St Mary’s ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ កាលពីខែមិថុនា ឆ្នាំមុន ប៉ុន្តែ ក្លិប Southampton បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានចែកផ្លូវគ្នាជាមួយនឹងគ្រូបង្វឹកវ័យ ៤៦ឆ្នាំរូបនេះ ខណៈដែលក្លិបនាំមុខត្រឹមតែ ១ចំណាត់ថ្នាក់ និង ១ពិន្ទុប៉ុណ្ណោះ ពីលើក្រុមស្ថិតក្នុងតំបន់កាត់ចោល។ សេចក្តីថ្លែងនេះបានបន្ថែមទៀតថា៖ «ក្លិបនឹងសម្លឹងរកការតែងតាំងអ្នកចាត់ការទូទៅថ្មីម្នាក់ ឲ្យបានឆាប់តាមដែលអាច ខណៈដែលការស្វែងរកគ្រូបង្វឹកដែលត្រូវជំនួសដំណើរការរួចជាស្រេច»។

គ្រូបង្វឹកជំនួយលោក Carlos Compagnucci និងលោក Xavier Tamarit ក៏បានចាកចេញពីក្លិបនេះផងដែរ។ ការធ្លាក់ចុះទម្រង់លេងជាបន្តបន្ទាប់ ដែលបានធ្វើឲ្យក្រុម Southampton ឈ្នះតែ ១លើកគត់ក្នុងចំណោមការប្រកួត ១៧លើកចុងក្រោយនៃក្របខ័ណ្ឌ Premier League របស់ពួកគេ បានក្លាយជាចំណុចកាត់សេចក្តីចំពោះជោគវាសនារបស់លោក Pellegrino តែម្តង។

ការបរាជ័យចុងក្រោយបំផុតក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុមស្ថិតក្នុងតំបន់កាត់ចោល កាលពីថ្ងៃសៅរ៍ បានបង្ហាញពីការអត់ធ្មត់ចុងក្រោយសម្រាប់ថ្នាក់ដឹកនាំរបស់ក្លិប Southampton ខណៈដែលក្លិបនេះកំពុងតែស្ថិតក្នុងគ្រោះថ្នាក់នៃការកាត់សេចក្តីក្របខ័ណ្ឌកំពូលជាលើកទី១ បើគិតចាប់តាំងពីឈ្នះសិទ្ធិកាលពីឆ្នាំ២០១២៕

ប្រភព៖ Channel News Asia