ម្ចាស់ក្លឹប PSG លោក Al Khelaifi ជាមហាសេដ្ឋីជំនួញសញ្ជាតិកាតា និងប្រធានប្រតិបត្តិផ្នែកកីឡាករលោក Antero Henrique បានធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលនៅសប្តាហ៏ នេះជាមួយកីឡាករមួយចំនួន ដើម្បីជួបតារាឆ្នើម Neymar ដែលកំពុងព្យាបាលរបួសកជើង នៅស្រុកកំណើត។

គេហទំព័រ Telefoot បានអោយដឹងថាៈ មានមូលហេតុសំខាន់ចំនួនពីរ ដែលធ្វើអោយថា្នក់ដឹកនាំ របស់ក្រុមកំពូលតារាង Ligue1 របស់បារាំងធ្វើដំណើរឆ្លងទ្វីបនេះគឺៈ ១.ចង់ដឹងពីសុខទុក្ខស្ថានភាពរបួសរបស់ Neymar និង ២.ការពិភាក្សាគ្នាលើសុពលភាពកិច្ចសន្យាដែលមានរហូតដល់ឆ្នាំ២០២២ ដើម្បីរក្សាទំនាក់ទំនងអោយល្អរវាងគ្នានឹងគ្នាជាមួយថ្នាក់ដឹកនាំ និងកីឡាករ។

ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ បានផ្ទេរពីក្រុម Barcelona មកចូលរួមជាមួយ Paris Saint Germain កាលពីដើមរដូវកាលក្នុងតម្លៃកំនត់ត្រាថ្លៃបំផុតលើលោក ២២២លានយូរ៉ូ ប៉ុន្តែកំលុងពេលចំណាយ ពេលលេងអោយក្រុម Neymar មានពត៌មានថា មិនសប្បាយចិត្តជាមួយការប្រកបអាជីពនៅក្លឹប ដែលមានមូលដ្ឋាននៅប្រទេសបារាំងមួយនេះ ខណៈក្រុមអធិរាជស Real Madrid បានសំដែងចំណាប់អារម្មណ៏ចង់បានរូបគេត្រលប់ទៅចូលរួមជាមួយក្រុមនៅក្របខណ្ឌ La Liga វិញ។

កីឡាករឆ្នើមដែលបានជួយជម្រើសជាតិប្រេស៊ីលលើកពានកីឡាអូឡាំពិក ២០១៦ កន្លងទៅនេះ បានរងរបួសជើងស្តាំ និងមិនបានបង្ហាញវត្តមានក្នុងជំនួបជាមួយក្រុម Real Madrid យកឈ្នះ PSG កាលពីសប្តាហ៏មុននៅវគ្គ ១៦ក្រុមចុងក្រោយជើងទី២ ពានរង្វាន់ Champion League នោះទេ ព្រោះត្រូវទៅវះកាត់របួសកជើងនៅស្រុកកំណើតនៅប្រទេសប្រេស៊ីល។

ប្រភព៖ marca