ក្រុម Manchester United បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ខណៈដែលខ្សែប្រយុទ្ធ Wissam Ben Yedder បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងចន្លោះពេល ៤នាទីក្នុងតង់ទី២ ដើម្បីជួយឲ្យក្រុម Sevilla ឈានទៅវគ្គ ៨ក្រុមចុងក្រោយជាលើកទី១ ក្នុងរយៈពេល ៦០ឆ្នាំ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃអង្គារ។

ក្រុមរបស់អេស្ប៉ាញមួយនេះ បានឈានទៅវគ្គបន្តជាមួយនឹងលទ្ធផលទាំង២ជើងដូចគ្នា ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ កាលពីជើងទី១។ ក្រុមភ្ញៀវពិតជាស័ក្តិសមក្នុងការដណ្តើមបានជ័យជម្នះ ខណៈដែលពួកគេបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង ប៉ុន្តែ ត្រូវតែរង់ចាំការដាក់ឲ្យ Ben Yedder ចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីអាចរកគ្រាប់បាល់បញ្ចូលទី។

Ben Yedder បានជួយឲ្យក្រុម Sevilla មានគ្រាប់បាល់នាំមុខមុននៅរយៈពេល១៦នាទីចុងក្រោយ នៅពេលដែលរូបគេបានស៊ុតបាល់ចូលជ្រុងម្ខាងនៃទីយ៉ាងល្អ មុននឹងតែតបាល់បញ្ចូលទីបន្ថែម ១គ្រាប់ទៀតក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីនោះ។ ខ្សែប្រយុទ្ធ Romelu Lukaku បានកាត់បន្ថយការដេញតាមពីក្រោយរបស់ក្រុម Man United ប៉ុន្តែ វាយឺតពេលបន្តិចទៅហើយ ខណៈដែលការសម្រេចចិត្តរបស់លោក Jose Mourinho ក្នុងការដាក់ឲ្យខ្សែបម្រើដ៏មានឥទ្ធិពល Paul Pogba លេងជាកីឡាករបម្រុងពិតជាផ្តល់នូវការរិះគន់ខ្លាំង។

លោក Mourinho បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមួយនៅមុនពេលចាប់ផ្តើមប្រកួត តាមរយៈការដាក់ឲ្យ Marouane Fellaini លេងជាកីឡាករជម្រើសទាំង ១១នាក់ដំបូង ជំនួសកន្លែងរបស់ Pogba ដែលក៏ស្ថិតជាកីឡាករបម្រុងផងដែរក្នុងការប្រកួតកាលពីជើងទី១៕