Neymar តារាឆ្នើមក្រុម PSG ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅប្រេស៊ីល បានប្រាប់ឪពុករបស់គេថា ចង់ផ្ទេរទៅក្លឹបយក្សអេស្ប៉ាញ Real Madrid នៅមុន World Cup 2018។ នេះបើតាមសេចក្តីរាយការណ៍ពីអេស្ប៉ាញ។

កីឡាករវ័យ២៦ឆ្នាំ ដែលទើបផ្ទេរពី Barcelona ទៅ PSG ក្នុងតម្លៃបំបែកកំណត់ត្រាលើពិភពលោក ២២០លានអឺរ៉ូ កាលឆ្នាំមុន បានរងរបួសកាលប្រកួតទល់នឹង Marseille នៅដើមខែនេះ និងបានវះកាត់របួសជើងសម្រាកព្យាបាលនៅស្រុកកំណើត នាប្រទេសប្រេស៊ីល។ បើតាមសារព័ត៌មាន Sport បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធរូបនេះ បានប្រាប់ឪពុករបស់គេ Neymar Snr ថាចង់ផ្ទេរទៅកីឡដ្ឋាន Bernabeu ខណៈដែលប្រធានក្លឹប Real Madrid លោក Florentino Perez ក៏ធ្លាប់បង្ហាញចំណាប់អារម្មណ៍ចង់បាន Super Star រូបនេះផងដែរ។

Neymar បានបង្ហាញទម្រង់លេងយ៉ាងល្អនៅបារាំង ដោយស៊ុតបាន ២៨គ្រាប់ ក្នុង៣០ប្រកួត ប៉ុន្តែជីវិតរបស់គេនៅកីឡដ្ឋាន Parc des Princes ហាក់មានរឿងរកាំរកូសច្រើន ខណៈដែលកន្លងមកធ្លាប់ទាស់គ្នាជាមួយមិត្តរួមក្រុម Edinson Cavani និងប៉ះពាក្យសម្តីជាមួយអ្នកចាត់ការ Unai Emery ថែមទាំងធ្លាប់ត្រូវបានអ្នកគាំទ្ររបស់ខ្លួនស្រែកចំអកឲ្យទៀតផង។ ទោះជាយ៉ាងណា PSG នឹងមិនលក់តារារូបនេះ ក្នុងតម្លៃថោកនោះទេ។ សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា PSG អាចនឹងលក់ក្នុងតម្លៃ ៤០០លានផោន៕
Via: Sprtrefresh