Barcelona ទីបំផុតនៅតែជាក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីផ្ដួលជើងឯកអង់គ្លេស Chelsea ដោយលទ្ធផល៣ទល់នឹង០នៅជើងទីពីរ។

កាលពីជើងទីមួយវគ្គ១៦ក្រុម ក្លឹបយក្សមកពីកាតាឡាន់ធ្វើបានលទ្ធផលស្មើគ្នា ១-១ នៅទឹកដី Stamford Bridge ដូច្នេះជ័យជម្នះយប់មិញគ្រប់គ្រាន់ឲ្យពួកគេកក់កៅអីនៅវគ្គបន្ត។ Chelsea ក្លាយជាក្រុមអង់គ្លេសទី៣ដែលដើរចេញពីកម្មវិធីបន្ទាប់ពី Tottenham Hotspur, Manchester United។

ការប្រកួតនៅកីឡដ្ឋាន Camp Nou កាលពីយប់មិញ លេងបានតែ៣នាទី Lionel Messi បានស៊ីប្រឡោះជើង អ្នកចាំទី Courtois ១គ្រាប់។ ក្រោយត្រូវគេនាំមុខ Chelsea បើកការវាយសម្រុកវិញយ៉ាងខ្លាំងតែមិនអាចបំប៉ោងសំណាញ់ទី Barca បានផ្ទុយទៅវិញនៅនាទី១៩ Dembele បានស៊ុតឲ្យម្ចាស់ផ្ទះ១គ្រាប់ទៀត។

នៅវគ្គទីពីរតារាឆ្នើម Messi បានស៊ុតចូលប្រឡោះជើង Courtois សារជាថ្មី និងជាគ្រាប់ទី២របស់គេក្នុងការប្រកួតនេះ ជួយឲ្យក្រុមលោក Valverde ឡើងទៅវគ្គបន្តដោយសុវត្ថិភាព។ ដូច្នេះក្រុមមកពីអេស្ប៉ាញ៤បានឡើង៣គឺ Barcelona, Real Madrid និង Sevilla មានតែ Atletico Madrid មួយប៉ុណ្ណោះតែធ្លាក់ចេញ៕

Via :news.sabay