ក្លិប Barcelona បានកោតសរសើរ Lionel Messi ដោយចាត់ទុកថា «ជាស្តេច» ហើយរូបគេបានដាក់ទណ្ឌកម្មដល់ក្រុម Chelsea តាមរយៈការស៊ុតបាល់បញ្ចូលទី ២គ្រាប់ ដើម្បីរកគ្រាប់បាល់ទី១០០ ក្នុងក្របខ័ណ្ឌ Champions League និងដើម្បីបញ្ចប់ក្តីសង្ឃឹមនៃការឈានទៅវគ្គ៨ក្រុមចុងក្រោយរបស់គូប្រជែងខ្លួន។

ក្រោយពីបានលើកបដារមួយដែលមានពាក្យថា «ព្រះសង្គ្រោះស្តេច» នៅមុនពេលចាប់ផ្តើមប្រកួត អ្នកគាំទ្ររបស់ក្រុម Barcelona បានធ្វើការអបអរយ៉ាងខ្លាំង ក្រោយពីលេងបានត្រឹមតែរយៈពេល ១២៩វិនាទី នាកីឡដ្ឋាន Camp Nou ខណៈដែល Messi បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី នៅមុនពេល Chelsea បានប៉ះបាល់ជាលើកទី១។ ក្រោយមក រូបគេបានបញ្ជូនបាល់ទៅឲ្យខ្សែបម្រើ Ousmane Dembele ដើម្បីបន្ថែមការនាំមុខរបស់ក្រុម Barcelona ក្នុងការប្រកួតជើងទី២ នៃការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៅមុនពេលរូបគេរកគ្រាប់បាល់ទី១០០ ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃនៃការបង្ហាញខ្លួនជាលើកទី១២៣ របស់គេ ដើម្បីបំពេញការទទួលជ័យជម្នះ ៣-០ ក៏ដូចជាដើម្បីឈ្នះទាំង ២ជើង ៤-១។

Messi ក្លាយជាកីឡាករទី២ ក្នុងការរកបានគ្រាប់បាល់ទី១០០ ក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប បន្ទាប់ពីខ្សែប្រយុទ្ធ Real Madrid ដែលរកបាន ១១៧គ្រាប់ ក្នុងការបង្ហាញខ្លួន ១៥២ប្រកួត។ ហេតុនេះ រយៈពេល ៥ថ្ងៃនេះ វាបានក្លាយជាពេលវេលាមួយដ៏រំភើបសម្រាប់តារាឆ្នើមវ័យ ៣០ឆ្នាំរូបនេះ ដែលបានអវត្តមានក្នុងការប្រកួតក្របខ័ណ្ឌ La Liga ជាមួយនឹងក្រុម Malaga កាលពីថ្ងៃសៅរ៍ ដើម្បីទៅមើលការផ្តល់កំណើតកូនទី៣ របស់គេ៕