គ្រាប់បាល់បញ្ចូលទី ១គ្រាប់របស់ Thiago Alcantara និងគ្រាប់បាល់បញ្ចូលទីជាលើកទី១ ក្នុង Champions League របស់ខ្សែប្រយុទ្ធ Sandro Wagner បានជួយឲ្យក្រុម Bayern Munich ទទួលជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៣-១ នៅលើទឹកដីក្រុម Besiktas កាលពីថ្ងៃពុធ ខណៈដែលក្រុមយក្សអាល្លឺម៉ង់មួយនេះ បានឈានទៅវគ្គ ៨ក្រុមចុងក្រោយដោយងាយ សម្រាប់ឆ្នាំទី៧ ជាប់ៗគ្នា។

Bayern បានបំពេញការទទួលជ័យជម្នះទាំង ២ជើងក្នុងលទ្ធផល ៨-១ ក្នុងទីក្រុង Istanbul ក្រោយពីបានឈានកត់ត្រាជ័យជម្នះក្នុងការប្រកួតជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ ក្នុងលទ្ធផល ៥-០ កាលពីខែមុន ក្នុងទីក្រុង Munich។ សម្រាប់លោក Jupp Heynckes គ្រូបង្វឹករបស់ក្រុម Bayern ដែលបានចូលជំនួសកន្លែងរបស់លោក Carlo Ancelotti កាលពីខែតុលា នេះគឺជាការទទួលជ័យជម្នះជាប់ៗគ្នាជាលើកទី១១ របស់លោកក្នុងការប្រកួតក្របខ័ណ្ឌ Champions League ដើម្បីបង្កើតឲ្យមានកំណត់ត្រាថ្មីមួយក្នុងយុទ្ធនាការនេះ។

លោក Heynckes បានឲ្យដឹងថា៖ «វាជាលទ្ធផលដ៏គួរឲ្យជឿជាក់មួយ។ ក្រុម Besiktas មិនធ្លាប់ចាញ់ក្នុងផ្ទះខ្លួនឯងសោះក្នុង Champions League ហេតុនេះ វាមិនមែនងាយស្រួលឡើយ»។ គ្រូបង្វឹកចាស់វស្សារូបនេះបានបន្ថែមទៀតថា៖ «យើងបានរកគ្រាប់បាល់បញ្ចូលទីក្នុងពេលវេលាដ៏ត្រឹមត្រូវ ហើយវាជារឿងធម្មតាដែលយើងបានរបូតវិញ ១គ្រាប់នោះ ការបាត់បង់ការផ្តោតអារម្មណ៍ក្រោយពីឈ្នះ ៥-០ គឺជារឿងសាមញ្ញរបស់មនុស្ស។ ភាពអវិជ្ជមានតែ ១គត់នៅថ្ងៃនេះ គឺថាយើងបានទទួលការពិន័យកាតលឿងជាច្រើន»។ ខ្សែការពារ Jerome Boateng, Mats Hummels និង Rafinha សុទ្ធសឹងបានរងពិន័យកាតលឿង៕