ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបាល់បញ្ចូលទីទាំង ២គ្រាប់ ខណៈដែលក្រុមកំពុងមានពិន្ទុនាំមុខដាច់ Paris Saint-Germain បានផ្តួលក្រុម Angers ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Ligue1 កាលពីថ្ងៃពុធ បើទោះបីបាត់បង់ខ្សែបម្រើជើងចាស់ Thiago Motta ដោយសារតែការរងពិន័យកាតក្រហមនៅដើមតង់ក៏ដោយ។

តារាឆ្នើមអន្តរជាតិបារាំងវ័យ ១៩ឆ្នាំរូបនេះ បានរកគ្រាប់បាល់បញ្ចូលទីនៅចន្លោះពេលការរងពិន័យកាតក្រហម Motta នៅនាទី ទី១៦ សម្រាប់ការប៉ះទង្គិចជាមួយនឹងខ្សែការពារ Romain Thomas របស់ក្រុម Angers នាកីឡដ្ឋាន Parc des Princes។ Mbappe បានរកគ្រាប់បាល់បើកឆាកប្រកបដោយភាពជឿជាក់ នៅនាទី ទី១២ ក្រោយពីបានបញ្ជូនបាល់យ៉ាងល្អពីក្រោយខ្សែការពារ ដោយខ្សែបម្រើ Julian Draxler។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានរកគ្រាប់បាល់ទី២របស់គេនៅនាទី ទី២៦ ក្រោយពីកីឡាករ Layvin Kurzawa បានវាយបក១គ្រាប់វិញ ខណៈដែល Mbappe បានធ្វើឲ្យគ្រាប់បាល់សរុបក្នុងការប្រកួតលីករបស់គេកើនដល់ ១៣គ្រាប់នៅរដូវកាលនេះ។

ស្របពេលដែលក្រុមរបស់លោកមានត្រឹមតែ ៤ពិន្ទុពីលើក្រុមស្ថិតក្នុងតំបន់កាត់ចោល លោក Stephane Moulin គ្រូបង្វឹករបស់ក្រុម Angers បានបញ្ជាក់យ៉ាងច្បាស់ពីយកការប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Caen នៅថ្ងៃសៅរ៍ ខាងមុខនេះ ជាការប្រកួតអាទិភាព៕