លោក Antonio Conte គ្រូបង្វឹកក្រុមភ្ញៀវតោខៀវ Chelsea បានបង្ហើបប្រាប់ឱ្យដឹងពីពាក្យសម្តីដែលលោកនិយាយទៅកាន់តារាឆ្នើម និងជា Key Player ក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Champion League វគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីក្រុម Barcelona បានទម្លាក់ Chelsea ចេញពីការប្រកួតកាលពីយប់ថ្ងៃពុធ។

អ្នកសារពត៌មានបានចោតសួរពីអ្វីដែលគាត់បានប្រាប់ដល់កីឡាករ Messi លោក Conte បានឆ្លើយនៅក្នុងសន្និសិទក្រោយការប្រកួតថា “នៅពេលដែលអ្នកមានឱកាស ប្រកួតប្រជែងជាមួយតារាឆ្នើមលំដាប់ពិភពលោកដូចជា Messi នោះ ជាពេលដែលយើងត្រូវទទួលស្គាល់ថា កំពូលកីឡាករឆ្នើម គាត់ជាកីឡាករដែលលេងបានល្អបំផុតគ្រប់រដូវកាលហើយ អាចរកគ្រាប់បាល់រហូត ៦០ គ្រាប់មិនត្រឹមតែមួយរដូវកាលនោះទេ គឺរៀងរាល់រដូវកាល“។

កីឡាករអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទី ២គ្រាប់នៅឯទីលាន Camp Nou និងបានជួយ(Assist)អោយកីឡាករបារាំង Ousmane Dembele ស៊ុតបញ្ចូលទីបាន ១គ្រាប់ផងដែរ និងធ្វើអោយលទ្ធផលបញ្ចប់ការប្រកួតក្រុម Barcelona ផ្តួលក្រុម Chelsea ទាំងពីរប្រកួតសរុប ៤:១ ។ បន្ទាប់ពីអាជ្ញាកណ្តាលផ្លំកញ្ចែបញ្ចប់ការប្រកួតលោក Conte បានធ្វើដំណើរទៅក្បែរ Messi ហើយបានពោលពាក្យ ស្ងើចសរសើរសមត្ថភាពរបស់តារាឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ ៣០ឆ្នាំរូបនេះ មុនពេលពួកគេអោបគ្នាក្នុងលក្ខណៈមិត្តភាព ហើយបានដើរចេញពីទីលានប្រកួតទៅ។

ប្រភព៖ metro