Harry Kane ខ្សែប្រយុទ្ធ Tottenham Hot Spur និងជម្រើសជាតិតោកំណាចអង់គ្លេស នឹងអវត្តមានពីការប្រកួតរហូតដល់ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីរងរបួសដោយប៉ះទង្កិចជាមួយអ្នកចាំទី Asmir Begovic ក្នុងជំនួបជ័យជម្នះលើក្រុម Bournemouth ថ្ងៃអាទិត្យទី១១ ខែមីនា។ យោងគេហទំព័រផ្លូវការរបស់ក្រុម Tottenham ដែលមានមូលដ្ឋាននៅក្រុងឡុងដ័ បានធ្វើសេចក្ដីថ្លែងការណ៍ថាៈ ខ្សែប្រយុទ្ធឆ្នើម Kane បច្ចុប្បន្នជា Top Scorer(រកបានគ្រាប់បាល់ ៣៥គ្រាប់ សម្រាប់រដូវកាល ២០១៧-២០១៨)​ បានរងរបួសភ្នែកគោជើងខាងស្តាំ ក្រោយធ្វើការពិនិត្យ ដោយម៉ាស៊ីនស្គែនកាលពីថ្ងៃចន្ទដើមសប្តាហ៏កន្លងមកនេះ។

Kane នឹងត្រូវអវត្តមានពីការប្រកួតវគ្គ៨ក្រុមចុងក្រោយ FA Cup របស់ Spurs ទល់នឹង Swansea ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ រួមទាំងការប្រកួតមិត្តភាព២ របស់អង់គ្លេស នាសប្ដាហ៍បន្ទាប់ជាមួយក្រុមដែលមិនមានកៅអីទៅលេងនៅ World Cup ២០១៨ គឺបិសាចទឹកក្រូចហុល្លង់ និង ក្រុមអាសូរីអ៊ីតាលី។

ទោះបីជាបែបនេះក្តីកីឡាករវ័យ ២៤ឆ្នាំរូបនេះអាចនឹងជាសះស្បើយទាន់ពេលព្រឹត្តការណ៏ FIFA World Cup ២០១៨ សម្រាប់អង់គ្លេសខណៈ ក្រុមជម្រើសជាតិដែលដឹកនាំដោយលោក Gareth Southgate នឹងចាប់ផ្ដើមព្រឹត្តិការណ៍ World Cup ប្រកួតដំបូង នៅរុស្ស៊ី នាថ្ងៃទី១៨ ខែមិថុនា ទល់នឹងក្រុមមកពីតំបន់ទ្វីបអាហ្វ្រិក គឺក្រុមទុយណេស៊ី។

ប្រភពដែលជិតស្និទ្ធនឹងក្លឹបបានប្រាប់ទៅ ESPN FC ថារបួសនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងការខូចខាតដោយសារខ្សែប្រយុទ្ធ Kane ដែលទទួលជ័យជម្នះក្នុងលទ្ធផល ៦-0 ជាមួយក្រុម Millwall កាលពីខែមីនាឆ្នាំមុនដែលបានធ្វើអោយរូបគេ អវត្តមាន ៣ប្រកួតនិង២៦ថ្ងៃ។ នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៦ Kane បានរងរបួសម្តងទៀតកំលុងការប្រកួតទល់និងក្រុមឆ្មាខ្មៅ Sunderland និងធ្វើអោយរូបគេបានអវត្តមានគពីការប្រកួត ៦ សប្តាហ៍ផងដែរ។

ប្រភព៖ kwese.espn