ការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយបានចប់សព្វគ្រប់ត្រឹមយប់មិញក្នុងនោះក្រុមចំនួន៨មកពី៤ប្រទេសផ្សេងគ្នាបានឡើងទៅវគ្គបន្ត។ សម្រាប់វគ្គ៨ក្រុមចុងក្រោយ Sabay សូមផ្ដល់ព័ត៌មានមួយចំនួនដែលអ្នកគួរដឹង៖
១. ក្រុមដែលមានកៅអីទៅវគ្គបន្ត៖
ក្រុមមកពីអេស្ប៉ាញមាន៣លើសគេដូចជា Real Madrid, Barcelona និង Sevilla, អង់គ្លេសមាន Liverpool និង Manchester City, អ៊ីតាលីមាន Juventus និង Roma ខណៈអាល្លឺម៉ង់មាន Bayern Munich។
២. ទីតាំង និងថ្ងៃចាប់ឆ្នោត៖
ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១៦ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាចម៉ោងកម្ពុជា។ ទីតាំងគឺនៅទីស្នាក់ការសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វីស។
៣. មើលការផ្សាយផ្ទាល់៖
អ្នកគាំទ្រជុំវិញពិភពលោកអាចទស្សនាការផ្សាយផ្ទាល់ពីកម្មវិធីចាប់ឆ្នោតនៅលើគេហទំព័រ UEFA.Com និងលើទំព័រ Facebook & Twitter ផ្លូវការរបស់ UEFA។
៤. ដំណើរការចាប់ឆ្នោត៖
នៅវគ្គនេះក្រុមទាំង៨សុទ្ធតែអាចប៉ះគ្នាបាន បើទោះជាមកពីប្រទេសតែមួយក៏ដោយ។ ឧទាហរណ៍៖ Liverpool អាចប៉ះ Manchester City ហើយ Real Madrid អាចប៉ះ Barcelona។
៥. កាលបរិច្ឆេទប្រកួត៖
ការប្រកួតវគ្គ៨ក្រុមចុងក្រោយជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី ៣/៤ ខែមេសា ឆ្នាំ២០១៨ ហើយជើងទីពីរគឺនៅថ្ងៃទី ១១/១២ ខែមេសា ឆ្នាំ២០១៨៕
Via: Sabay