ខ្សែ​បម្រើ​ចាស់​វស្សា​ Andres Iniesta ក្នុង​ថ្ងៃ​នេះ បាន​បង្ហើប​ថា ខ្លួន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត អំពី​អនាគត​ខ្លួន​នៅ Barcelona នៅ​មុន​ពេល​ដាច់​ខែ​ក្រោយ។

ខ្សែ​បម្រើ​អេស្ប៉ាញ បាន​និយាយ​ប្រាប់​សារព័ត៌មាន Marca ថា ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ទាក់ទង​នឹង​អនាគត​ខ្លួន​នៅ​ក្លឹប​អ្នក​មាន​បុណ្យ​នៅ​មុន​ថ្ងៃ​ទី ៣០ មេសា។

Iniesta បាន​ថ្លែង​ថា៖ “ការ​សម្រេច​ចិត្ត​នេះ​ មានតែ​ពីរ​ប៉ុណ្ណោះ មួយ​គឺ បន្ត​នៅ និង​មួយ​ទៀត គឺ​ចាក​ចេញ​ពី​ក្លឹប”។ ការ​និយាយ​បែប​នេះ ធ្វើ​ឡើង​ជាង​ ៥​ខែ​ប៉ុណ្ណោះ ក្រោយ​ខ្សែ​បម្រើ​អេស្ប៉ាញ​ បាន​ចុះ​កុងត្រា​មួយ​ជីវិត​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​។

Iniesta គឺ​ជា​កីឡាករ​ដ៏​ឆ្នើម​របស់​ក្លឹប​ Barcelona អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ ប៉ុន្តែ ការ​នាំ​ចូល​កីឡាករ​ប្រេស៊ីល Philippe Coutinho កាល​ពី​ខែ​មករា​នេះ ត្រូវ​បាន​មតិ​បាល់ទាត់​ជា​ច្រើន​លើក​ឡើង​ថា គឺ​ជា​ការ​ត្រៀមរបស់ក្លឹបក្នុងការជំនួស​កីឡាករ​អេស្ប៉ាញ​ដែល​មាន​វ័យ​កាន់​តែ​ចាស់។ ទោះ​ជា​យ៉ាង​ណា កន្លង​មក​ Iniesta បាន​ទាត់​ចោល​ពាក្យ​នេះ ហើយ​ថា ការ​ទិញ Coutinho ជា​ជំនួយ​មួយ​ដល់​ក្លឹប​ឲ្យ​លេង​កាន់​តែ​ល្អ​ទៅ​វិញ៕