គ្រាប់បាល់ប៉េណាល់ទីដ៏ចម្រូងចម្រាស់របស់ខ្សែប្រយុទ្ធ Danny Welbeck និងការប្រព្រឹត្តកំហុសរបស់អ្នកចាំទី Gianluigi Donnarumma បានជួយឲ្យក្រុម Arsenal ផ្តួលក្រុម AC Milan ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គ ១៦ក្រុមចុងក្រោយ ជាមួយនឹងជ័យជម្នះទាំង២ជើង ៥-១ ស្របពេលក្រុម Borussia Dortmund បានធ្លាក់ចេញដ៏មិននឹកស្មានដល់ក្រោមស្នាដៃក្រុម Salzburg។

ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី២ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ បានកាត់បន្ថយសម្ពាធមួយចំនួនទៅលើលោក Arsene Wenger ដែលជាអ្នកចាត់ការទូទៅ បើទោះបីការនាំមុខជាមួយនឹងជ័យជម្នះ ២-០ របស់ក្រុមលោកកាលពីជើងទី១ ហាក់មិនមានសុវត្ថិភាព ក្រោយពីកីឡាករ Hakan Calhanoglu បានជួយឲ្យក្រុម AC Milan មានគ្រាប់បាល់នាំមុខមុនក៏ដោយ។ ប៉ុន្តែ ក្រុមភ្ញៀវរបស់លោក Gennaro Gattuso បានផ្ទុះកំហឹងយ៉ាងខ្លាំង នៅពេលដែល Welbeck បានដួលក្នុងប្រអប់គ្រោះថ្នាក់ ដោយគ្មានការប៉ះទង្គិចពីកីឡាករ Ricardo Rodriguez មុននឹងទទួលបានបាល់ប៉េណាល់ទី។

ខ្សែប្រយុទ្ធរូបនេះ បានស៊ុតបាល់បញ្ចូលទីដោយខ្លួនឯង ដើម្បីបំប៉ោងសំណាញ់ទីរបស់ Donnarumma និងធ្វើឲ្យក្រុមកីឡាករ AC Milan បង្ហាញនូវការតវ៉ាយ៉ាងខ្លាំងទៅលើមន្ត្រីអាជ្ញាកណ្តាល។ ក្រុមម្ចាស់ជើងឯក៧សម័យកាលរបស់អឺរ៉ុបមួយនេះ បានដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះក្នុងតង់ទី២ ប៉ុន្តែ Granit Xhaka បានបន្ថែមការនាំមុខរបស់ក្រុមខ្លួននៅនាទី ទី៧៥ ក្រោយពីការធ្វេសប្រហែសរបស់អ្នកចាំទី Donnarumma។ Welbeck បានរកគ្រាប់បាល់ទី២របស់គេនៅរាត្រីនោះ ខណៈដែល Arsenal បានឈានទៅវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌអឺរ៉ុប ជាលើកទី១របស់ពួកគេ ក្រោយពីធ្លាក់ចេញពី Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ៧ឆ្នាំជាប់ៗគ្នា។ ជាមួយគ្នានេះ ក្រុម Dortmund បានធ្លាក់ចេញពី Europa League ក្រោមស្នាដៃក្រុម Salzburg ក្រោយពីចាញ់ក្នុងលទ្ធផលទាំង២ជើង ២-១ បន្ទាប់ពីត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ កាលពីថ្ងៃព្រហស្បតិ៍៕

ប្រភព៖ Channel News Asia