កីឡាករ Xabi Alonso ដែលជាអតីតខ្សែបម្រើរបស់ក្លិប Real Madrid និង Liverpool ត្រូវបានចោទប្រកាន់ពីបទបន្លំការបង់ពន្ធ ហើយអាចនឹងប្រឈមុខនឹងការជាប់គុករយៈពេល ៨ឆ្នាំកន្លះ។
នេះបើយោងទៅតាមប្រភពមួយសំណាក់ចៅក្រម។ អតីតខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះ កំពុងតែត្រូវបានចោទប្រកាន់ ៣ករណីទាក់ទងនឹងការបន្លំពន្ធនៅចន្លោះឆ្នាំ២០១០ និង២០១២ សម្រាប់ចំណូលរបស់គេទាក់ទងនឹងការលក់សិទ្ធិផ្សាយរូបភាពរបស់គេ។
បណ្តឹងប្រឆាំងនឹង Alonso គឺថា រូបគេបានគេចពីការបង់ពន្ធទៅលើសិទ្ធិលក់រូបភាពរបស់គេក្នុងប្រទេសអេស្ប៉ាញ តាមរយៈការផ្តល់សិទ្ធិផ្សេងៗទៅឲ្យក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅលើកោះ Madeira របស់ព័រទុយហ្គាល់ ដោយរូបគេបានគេចវេសពីកាតព្វកិច្ចបង់ពន្ធ។ តុលាទីក្រុងម៉ាឌ្រីដ ដែលទទួលបន្ទុកក្នុងការស៊ើបអង្កេតនេះ បានធ្វើការសើរើករណីនេះវិញកាលពីចុងឆ្នាំ២០១៧ ក្រោយពីចៅក្រមបានរកឃើញភ័ស្តុតាងជាច្រើនប្រឆាំងនឹង Alonso។
Alonso មិនមែនជាកីឡាករបាល់ទាត់ដំបូងគេក្នុងការធ្លាក់ចូលបញ្ហានៃការបន្លំការបង់ពន្ធ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កីឡាករជាច្រើនបានទទួលស្គាល់ពីការបន្លំពន្ធ ដោយសុខចិត្តទទួលការកាត់ទោស ដើម្បីគេចឲ្យផុតពីការជាប់គុក ខណៈដែលតារាឆ្នើមទាំងនោះរួមមាន Alexis Sanchez, Javier Mascherano និង Marcelo៕
ប្រភព៖ worldsoccertalk