ខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញពីទម្រង់លេងដ៏ល្អឥតខ្ចោះមួយផ្សេងទៀត ខណៈដែលក្រុម Barcelona បានផ្តួលក្រុម Athletic Bilbao ក្នុងលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ ដើម្បីនាំមុខ ១១ពិន្ទុដាច់លើគូប្រជែងយ៉ាងប្រកៀកបំផុតរបស់ពួកគេ Atletico Madrid នៅលើតារាងក្របខ័ណ្ឌ La Liga។

ក្រោយពីបានទម្លាក់ក្រុម Chelsea ក្នុងក្របខ័ណ្ឌ Champions League កាលពីពាក់កណ្តាលសប្តាហ៍មុន Messi បានស៊ុតបាល់បញ្ចូលទីសម្រាប់ការប្រកួតជាលើកទី៦ របស់គេជាប់ៗគ្នា នៅពេលប្រកួតជាមួយនឹងក្រុម Athletic នាកីឡដ្ឋាន Camp Nou ដើម្បីជួយឲ្យក្រុម Barca ខិតកាន់តែកៀកឆ្ពោះទៅកាន់ការឈ្នះពាន។ ទាក់ទងនឹង Messi ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga នៅរដូវកាលនេះ តាមរយៈការរកបាន ២៥គ្រាប់ លោក Erneste Valverde គ្រូបង្វឹករបស់ Barcelona បានឲ្យដឹងថា៖ «រាល់ថ្ងៃ រូបគេរកឃើញអ្វីៗថ្មីជានិច្ច អ្វីៗដែលលំបាក ហើយរូបគេដឹងយ៉ាងច្បាស់ពីអ្វីដែលរូបគេត្រូវតែធ្វើ អ្វីដែលក្រុមត្រូវការពីរូបគេ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ភាគច្រើន វាហាក់បង្ហាញថា គ្រូបង្វឹកត្រូវតែពន្យល់ដល់កីឡាករ ប៉ុន្តែ អ្វីដែលគ្រូបង្វឹកដែលជាបានធ្វើនោះគឺការរៀនរួមជាមួយនឹងក្រុម។ យើងសង្ឃឹមថា អាចរក្សាការរៀនជាមួយគ្នាបាន»។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ ខណៈដែលក្រុម Real Madrid បានផ្តួលក្រុម Girona ក្នុងលទ្ធផល ៦-៣ ដើម្បីឡើងទៅឈរលេខ៣ បើទោះបីនៅតែដេញតាមពីក្រោយ Barcelona ១៥ពិន្ទុក៏ដោយ៕

វីឌីអូហាយឡាយការប្រកួត៖

Barcelona vs Athletic

Real Madrid vs Girona