លោក Mark Hughes បានរីករាយនឹងការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះក្នុងរជ្ជកាលដឹកនាំរបស់លោកនៅឯក្លិប Southampton ខណៈដែលក្រុមកំពុងតែត្រដាបត្រដួសរបស់ក្របខ័ណ្ឌ Premier League មួយនេះ បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព័ត្រនៃពាន FA Cup ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Wigan កាលពីថ្ងៃអាទិត្យ។

លោក Hughes ត្រូវបានជួលឲ្យធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុម Southampton នៅសប្តាហ៍នេះ ដើម្បីជំនួសកន្លែងរបស់លោកគ្រូបង្វឹក Mauricio Pellegrino ហើយអតីតខ្សែប្រយុទ្ធរបស់ Southampton រូបនេះ បានបង្កើតឲ្យមានការប្រែប្រួលភ្លាមៗក្នុងក្រុមថ្មីរបស់លោក។ គោលបំណងដ៏សំខាន់របស់លោកគឺការជួយក្រុម Southampton ឲ្យរក្សាវត្តមានក្នុងក្របខ័ណ្ឌកំពូលរបស់ពួកគេ ហើយពួកគេបានធ្លាក់ចូលក្នុងតំបន់កាត់ចោល កាលពីថ្ងៃសៅរ៍ ក្រោយពីក្រុម Crystal Palace បានទទួលជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌលីក

ស្របពេលដែល Southampton ត្រៀមសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយរបស់ពួកគេនៃពាន FA Cup។ Southampton បានចូលរួមជាមួយនឹងក្រុម Tottenham, Manchester United និង Chelsea ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជ័យជម្នះនេះ មានន័យថា ក្រុម Southampton នឹងត្រូវប៉ះជាមួយនឹងក្រុម Chelsea ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលជើងខ្លាំង Tottenham ត្រូវជួបជាមួយនឹងក្រុម Man United។ វានឹងក្លាយជាការបង្ហាញខ្លួនជាលើកទី១របស់ក្រុម Southampton ក្នុងវគ្គ៤ក្រុមចុងក្រោយ ក្នុងរយៈពេល១៥ឆ្នាំ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២១ និងទី២២ ខែមេសា ខាងមុខនេះ៕