បាល់ទាត់៖ តារាឆ្នើមនៃក្លឹប Barcelona , Lionel Messi បានបង្ហាញយ៉ាងជាក់ច្បាស់ថារូបគេនឹងចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិ ប្រសិនណាអាហ្សង់ទិនមិនឈ្នះជើងឯក World Cup នៅរដូវក្តៅនេះ។
Super Star រូបនេះបានបន្តថាវាមិនជោគជ័យឡើយ បើមិនបានឈ្នះពានឲ្យប្រទេសជាតិ ខណៈដែលនៅក្លឹបអាជីពគេបានជួយឲ្យក្លឹបឈ្នះពានរាប់មិនអស់នោះ។ គួររំលឹកថា អាហ្សង់ទិនចាញ់អាល្លឺម៉ង់នៅលើទឹកដីប្រេស៊ីលកាល ៤ឆ្នាំមុននៅម៉ោងបន្ថែម ១៥នាទី ២លើក និងចាញ់បាល់ប៉េណាល់ទីក្រោមថ្វីជើងឈីលីទៀតនៅ Copa America ផងដែរ។ គេនៅចាំបានដែរថា Messi បានចាកចេញពីក្រុមជម្រើសជាតិអាហ្សង់ទិននៅឆ្នាំ ២០១៦ ក្រោយខូចចិត្តជាខ្លាំងពេលមិនអាចជួយយកពានអ្វីសោះ ខណៈសុទ្ធតែបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែត្រូវបានអ្នកគាំទ្រ និងសមាជិកសហព័ន្ធសំណូមពរឲ្យគេវិលចូលជួយជម្រើសជាតិ ដើម្បីដឹកនាំអាហ្សង់ទិនធ្វើសង្គ្រាមលើវាលស្មៅនៅរុស្សីឆ្នាំនេះ។
Lionel Messi មានក្តីស្រម៉ៃថា នឹងឈ្នះពានបាល់ទាត់ពិភពលោកនៅរុស្ស៊ីឆ្នាំនេះ នេះបើតាមការដក់ស្រង់របស់ការសែត La Cornisa។ គួរបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះ Messi នឹងមកកាន់ទីក្រុង Manchester ក្នុងនាមជាកីឡាករក្រុមជម្រើសជាតិអាហ្សង់ទិនប្រកួតមិត្តភាពជាមួយអ៊ីតាលី និងការប្រកួតមិត្តផ្សេងទៀតផងដែរ៕
Via: Bayon
Lionel Messi៖ គេនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ប្រសិនបើអាហ្សង់ទិនបរាជ័យនៅ World Cup 2018
អត្ថបទទាក់ទង