លោក Rodrigo Lasmar វេជ្ជបណ្ឌិតប្រចាំក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានបញ្ជាក់កាលពីថ្ងៃអង្គារថា ការសម្រាកព្យាបាលរបយសរបស់ Neymar ក្រោយពីការវះកាត់ កំពុងតែដំណើរការយ៉ាងល្អ ខណៈដែលខ្សែប្រយុទ្ធរូបនេះ កំពុងតែព្យាយាមធ្វើឲ្យជាសះស្បើយទាំងស្រុងឲ្យទាន់សម្រាប់យុទ្ធនាការ World Cup ក្នុងប្រទេសរុស្ស៊ី។
លោក Lasmar ដែលបានធ្វើការវះកាត់ទៅលើ Neymar កាលពីថ្ងៃទី៣ ខែមីនានោះ បានបញ្ជាក់ថា តារាឆ្នើមរូបនេះ «នឹងត្រូវសម្រាករយៈពេល ២ខែកន្លះ ទៅ៣ខែ ខណៈដែលក្រុមគ្រូពេទ្យ នឹងត្រូវចាំមើលថែកីឡាកររបស់ក្លិប Paris Saint-Germain រូបនេះជានិច្ច។ លោក Lasmar បានប្រាប់កាសែតកីឡាប្រចាំថ្ងៃរបស់បារាំង L’Equipe ថា៖ «ក្នុងពេលនេះ រាល់អ្វីៗដំណើរការយ៉ាងល្អ ពួកគេប្រាប់នូវរាល់សេចក្តីលម្អិតទាំងអស់ពីការសម្រាកព្យាបាលរបស់ Neymar»។
វេជ្ជបណ្ឌិតរូបនេះបានបន្ថែមទៀតថា៖ «ពួកគេកំពុងតែខិតខំព្យាយាម និងធ្វើតាមលក្ខណៈអាជីប ហេតុនេះ រូបគេអាចនឹងវិលចូលលេងវិញយ៉ាងឆាប់រហ័សតាមដែលអាច ហើយវានឹងមិនមានបញ្ហាបន្ថែមទៀតសម្រាប់ជើងរបស់គេឡើយ»។ លោក Lasmar បានបញ្ជាក់ថា លោកមានគម្រោងក្នុងការត្រួតពិនិត្យជាថ្មីទៅលើបញ្ហារបួសរបស់ Neymar នៅពាក់កណ្តាលខែមេសា។ Neymar ដែលបានអវត្តមានក្នុងពេលក្រុមជម្រើសជាតិបានរងបរាជ័យក្នុងលទ្ធផល ៧-១ លើទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុមអាល្លឺម៉ង់ ក្នុងការប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារតែបញ្ហារបួសកាលពី ៤ឆ្នាំមុននោះ គឺជាសមាជិកដ៏សំខាន់ចំពោះក្តីសង្ឃឹមរបស់ប្រទេសខ្លួនក្នុងការប្រជែងពាន World Cup នៅឆ្នាំនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា៕
ប្រភព៖ The Straits Times